កញ្ញា ប្លុង ពេជ្រអក្ខរា បានជាប់ការធ្វើតេស្ដអាជ្ញាកណ្ដាលកម្រិតខ្ពស់របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី សម្រាប់ឆ្នាំ ២០២៥ ។ អាជ្ញាកណ្ដាលស្ត្រីខ្មែររូបនេះបានជាប់ឈ្មោះក្នុងកម្រិត Elite របស់ AFC លើកដំបូងក្នុងឆ្នាំ២០២៣។ ការជាប់តេស្ដក្នុងឆ្នាំ២០២៤នេះ មានន័យថា កញ្ញា ប្លុង ពេជ្រអក្ខរា អាចធ្វើជាអាជ្ញាកណ្ដាលកម្រិត Elite ក្នុងឆ្នាំ២០២៥ បន្តទៀត ។ 

អាជ្ញាកណ្ដាលកម្រិត Elite ប្លុង ពេជ្រអក្ខរា អាចចូលរួមដឹកនាំការប្រកួតទាំងអស់របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី ពោលទាំងអាស៊ាន និងឧបទ្វីបផ្សេងៗទៀតក្រោមទ្វីបអាស៊ី ។

ជាស្ត្រីមានកំណើតនៅខេត្តកណ្ដាលធ្លាប់ជាកីឡាការិនីបាល់ទាត់ សីប៉ាក់តាក្រ ទាញព្រ័ត្រ និងអត្តពលកម្ម អំឡុងឆ្នាំ២០១៦/២០១៧ ដែលកាលណោះរូបនាងនៅជាកីឡាការិនីបាល់ទាត់ បានចូលរួមការប្រកួតមួយហើយក៏បានឃើញមានស្ត្រីជាអាជ្ញាកណ្ដាល គ្រានោះហើយដែលបានជំរុញចិត្តអក្ខរា ឱ្យចង់ក្លាយជាអាជ្ញាកណ្ដាលមួយរូបដែរ ព្រោះមិនសូវមានស្ត្រីទេ ។ 

ក្រោយមក ពេជ្រអក្ខរា ក៏ទទួលបានឱកាសសិក្សាវគ្គអាជ្ញាកណ្ដាល និងបានចេញអនុវត្តជាហូរហែហូតដល់បច្ចុប្បន្ន។  បន្ទាប់ពីមានបទពិសោធន៍ជាច្រើនចូលរួមប្រឡូកក្នុងវិស័យកីឡា ជាមួយនឹងការមានការពង្រឹងខ្លួនពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ថ្ងៃមួយនាងទទួលបានជោគជ័យ ដោយក្លាយជាសមាជិកនៃអាជ្ញាកណ្តាលអន្តរជាតិរបស់ FIFA ប្រចាំប្រទេសកម្ពុជា ៕