រូបតុក្កតាតំណាងឲ្យលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊េនចាម៉ីន ណេតាន់យ៉ាហ៊ូ បានបង្ហាញវត្តមាននៅក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាល ក្នុងទីក្រុង តែល អាវីហ្វ (Tel Aviv)។ គម្រោងតុក្កតានេះ បានបង្កើតឡើងដោយលោក អាហ្វ នឺ ភេឡេត (Avner Peled) ជាអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ អាលតូ (Aalto) ដែលបានអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទូរស័ព្ទដៃមកពីគ្រប់ទិសទីក្នុងពិភពលោក ប្រើប្រាស់រូបតុក្កតារបស់លោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ នេះ ឲ្យនិយាយពាក្យក្នុងចិត្តរបស់ពួកគេ ជុំវិញជំហរបស់ពួកគេចំពោះស្ថានការណ៍សង្រ្គាមនៅក្នុងតំបន់ហ្គាហ្សា ។
សង្រ្គាម បានផ្ទុះឡើងនៅតំបន់ហ្គាហ្សា បន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាស បានវាយឆ្មក់ចូលប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី 7 ខែតុលា សម្លាប់ជនជាតិអ៊ីស្រាអែល និងជនបរទេសប្រមាណ 1200 នាក់ ព្រមទាំងចាប់មនុស្ស 250 នាក់ទៀត ធ្វើជាចំណាប់ខ្មាំង។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានបើកការវាយលុកទូទាំងតំបន់ ដោយសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនយ៉ាងហោចណាស់ 40.500 នាក់ ប្រមាណជិត 10 ម៉ឺននាក់ទៀតរងរបួស និងមនុស្សរាប់លាននាក់ទៀតភៀសខ្លួនចេញពីផ្ទះសម្បែង ស្របពេលដែលកិច្ចចរចាបទឈប់បាញ់ និងឈានទៅរកការបិទបញ្ចប់នៃសង្រ្គាមដែលធ្វើឡើងជាច្រើនលើកច្រើនសារនោះ នៅតែទទួលបរាជ័យ ។