ការប្រកួតពានរង្វាន់ AIA ជើងឯកវិទ្យាល័យលើកទី៤ ឆ្នាំ ២០២៤ បានបើកការប្រកួតជាផ្លូវការ កាលពីចុងសប្ភាហ៍កន្លងទៅ ក្រោមវត្តមានឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្ថិតក្នុងទីស្នាក់ការកណ្ដាល រាជធានីភ្នំពេញ។ សម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកវិទ្យាល័យនេះ បង្កើតឡើងក្នុងគោលបំណងកសាងចំណងមិត្តភាព និងការជួបគ្នាជុំរវាងវិទ្យាល័យនីមួយៗ ជាពិសេសការបំផុសស្មារតីសាមគ្គីគ្នា តាមរយៈកីឡា ។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងដូច្នេះថា៖ ប្អូនៗ ជាយុវជនដែលលេងទាត់បាល់នៅក្នុងក្របខណ្ឌជើងឯកវិទ្យាល័យនាពេលនេះ ប្រសិនបើលេងពូកែនោះនឹងមានក្លិបបាល់ទាត់ធំៗឯកជនមួយចំនួន ក៏រង់ចាំមើលប្អូនៗដែរ។ ហេតុនេះ សូមប្អូនៗគិតថាវេទិកាដែលប្អូនៗចូលតំណាងឱ្យវិទ្យាល័យរបស់ខ្លួន គឺលេងដើម្បីបង្ហាញសមត្ថភាពជាខ្លួនឯង ជាតំណាងឱ្យវិទ្យាល័យ និងការលេងជាក្រុមឱ្យបានល្អ។ ជាពិសេសជាងនេះទៅទៀត ប្អូនៗដែលស្រលាញ់បាល់ទាត់ ចង់បង្ហាញសមត្ថភាពជាក់លាក់ ដុះខាត់បន្ថែមតាមរយៈការប្រកួតនេះ ប្រាកដណាស់នឹងអាចមានក្លិបបាល់ទាត់ផ្តល់ឱកាសដល់ការបណ្តុះបណ្តាលសមត្ថភាពបន្ថែមដល់ប្អូនៗ ។
កាលពីឆ្នាំ ២០២៣ កន្លងទៅការប្រកួតពានរង្វាន់ឯកវិទ្យាល័យលើកទី៣ មានតែក្រុមតំណាងតាមវិទ្យាល័យចំនួន ៩ក្រុម ប៉ុណ្ណោះ ចូលរួមការប្រកួត។ ប៉ុន្តែសម្រាប់ការប្រកួតលើកទី៤ ក្នុងឆ្នាំ ២០២៤ មានក្រុមចូលរួមប្រកួតចំនួន ១៤ក្រុម។ ចំពោះការប្រកួតពានរង្វាន់ឯកវិទ្យាល័យចំនួន ៣ លើកកន្លងមក បានបង្កភាពទាក់ទាញខ្លាំងទៅកាន់វិទ្យាល័យជាច្រើន ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ហើយក៏សម្រាំងបានធនធានកីឡាករ ល្អៗជាច្រើន ដែលមានសម្ថភាព ក្លាយជាកីឡាករបាល់ទាត់ អាជីព លេងឲ្យក្លិបបាល់ទាត់នៅលីគកំពូលកម្ពុជាថែមទៀតផង ។
សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ AIA ជើងឯកវិទ្យាល័យ នឹងចាប់ផ្តើមដំណើការប្រកួតនៅសប្តាហ៍ទី១ ចាប់ពីថ្ងៃទី២៨ និង២៩ ខែសីហា គឺជាជំនួបរវាងក្រុមវិទ្យាល័យពងទឹក និងក្រុមវិទ្យាល័យច្បារអំពៅ ៕