ខេត្តសៀមរាប ៖
ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានដាក់សម្ពោធឲ្យដំណើរការបឋម នូវកម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» (បាគង ទួរីស អែប) ដើម្បីលើកកម្ពស់សេវាទូទាត់ឱ្យកាន់តែប្រសើរ រួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលដល់ការទូទាត់ជាឌីជីថលលើថ្លៃទំនិញនិងសេវារបស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា។
ការសម្ពោធដាក់ឲ្យប្រើប្រាស់កម្មវិធីទាត់បាគងទេសចរ «Bakong Tourist App»នេះ ធ្វើឡើងក្រោមការចូលរួមពីលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងខេត្តសៀមរាប ។ លោកជំទាវបណ្ឌិត ជា សិរី បានបន្ថែមថាភ្ញៀវទេសចរអន្តរជាតិដែលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា អាចធ្វើការទាញយកកម្មវិធីទូទាត់បាគងទេសចរ«Bakong Tourist App» និងចុះឈ្មោះប្រើប្រាស់តាមវិធីងាយៗ ហើយបន្ទាប់មក អាចបញ្ចូលទឹកប្រាក់ក្នុងគណនីបាគង ជាការស្រេច។ ចំពោះជំហានបន្ទាប់ កម្មវិធីបាគងទេសចរ អាចភ្ជាប់ជាមួយប័ណ្ណទូទាត់អន្តរជាតិដែលពួកគាត់មាន ដើម្បីដាក់ប្រាក់ក្នុងគណនីបាន ។ ការណ៍នេះ នឹងកាត់បន្ថយបញ្ហាលំបាកដល់ភ្ញៀវទេសចរ ក្នុងការប្រើប្រាស់សាច់ប្រាក់ ដោយគ្រាន់តែធ្វើការស្កេនទូទាត់នៅតាមហាងទំនិញប្រមាណ ៣.៣ (អានថា ៣ក្បៀស៣) លានទីតាំង ដែលមានសញ្ញា KHQR code ។
លោកជំទាវបណ្ឌិត បានបញ្ជាក់ថា«ការដាក់ឱ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App(បាគង ទួរីស អែប)» នឹងរួមចំណែកជំរុញនវានុវត្តន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ លើការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុ និងអាចផ្តល់នូវបទពិសោធ ក្នុងការទូទាត់ឌីជីថល ប្រកបដោយជំនឿទុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្ន ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញ និងដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល» ។
សូមបញ្ជាក់ថាថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យធនាគារជាតិនៃកម្ពុជា ត្រូវធ្វើការបន្ទាន់ជាមួយបណ្តាធនាគារឯកជនទាំងអស់ ឱ្យទម្លាក់ចោលលក្ខខណ្ឌ ដែលតម្រូវឱ្យកាត់ទឹកចំពោះលុយដុល្លារដែលមានដាច់រហែក ឬប្រឡាក់តិចតួច។ សម្តេចសង្កត់ធ្ងន់ថា ការទម្លាក់ចោលលក្ខខណ្ឌនេះ គឺដើម្បីកុំឱ្យភ្ញៀវទេសចរ ដែលមកកម្សាន្តនៅកម្ពុជាប៉ះពាល់អារម្មណ៍ ហើយថាករណីនេះជាករណីតិចតួច តែអាចបង្កជាបញ្ហាធំ ៕