វីដេអូហ្គេមដ៏ល្បីរបស់ប្រទេសចិន គឺ ប្លេក មីស អ៊ូ ខុង "Black Myth: Wukong" បានដណ្ដើមទីផ្សារហ្គេមសកល ដោយបច្ចុប្បន្ត លក់បានជាង 10 លានវីដេអូហ្គេម នៅលើប្រពន្ធ័ហ្គេមទាំងអស់ក្នុងរយៈពេលត្រឹមតែ 3 ថ្ងៃ បន្ទាប់ពីការដាក់លក់។ ប្លេក មីស អ៊ូ ខុង ដែលផលិតដោយប្រទេសចិន ឈរលើកំពូលតារាងហ្គេម ដែលមានអ្នកលេងច្រើនជាងគេ នៅលើវេទិកាហ្គេម ឬហៅកាត់ថា ស្ទីម (Steam) បន្ទាប់ពីការដាក់ចេញជាសាធារណៈរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ ខណៈដែលចំនួនអ្នកលេង មានលើសពី 3 លាននាក់។ គួរបញ្ជាក់ផងដែរថា វីដេអូហ្គេម ប្លេក មីស អ៊ូ ខុង ត្រូវបានរាយការណ៍ថា បានចំណាយរយៈពេលជាង 3 ឆ្នាំ និងដើមទុនប្រមាណ 40 លានដុល្លារអាមេរិក ដើម្បីបង្កើតហ្គេមនេះឡើង ហើយបន្ទាប់ពីការដាក់លក់ ដែលផ្ទុះដល់ 10 លានវីដេអូហ្គេមក្នុងរយៈពេលត្រឹមតែ 3 ថ្ងៃនោះ ក្រុមហ៊ុនរកចំណូលបានប្រមាណ 600 លានដុល្លារអាមេរិក ។