កម្ពុជានិងសាធារណរដ្ឋប្រជាមានិត ចិន បានធ្វើពិធីចុះហត្ថលេខាបញ្ចប់គម្រោងជំនួយបច្ចេកទេសកីឡាកម្ពុជា និងចិន ក្រោមវត្តមាន ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងលោក ជំទាវ ZHONG JIE (ហ្សុង ជី) អគ្គកុងសលស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៤ នៅអាគារមជ្ឈមណ្ឌលជាតិមកហ្វឺនកីឡា ។

លោក ជំទាវ ZHONG JIE (ហ្សុង ជី) បានលើកឡើងថា កម្ពុជា និងចិនជាមិត្តដែកថែមតែងតែជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ហើយក្នុងពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ភាគីចិនមិនត្រឹមតែបានជួយរាប់រងសាងសាងពហុកីឡដ្ឋានជាតិមរតកតេជោជូនកម្ពុជាប៉ុណ្ណោះទេ ភាគីចិនក៏ជួយជាគម្រោងជំនួយបច្ចេកទេសកីឡាដូចជា បញ្ជូនកីឡាករកីឡាការិនីទៅហ្វឹកហាត់នៅចិន និងបញ្ជូនគ្រូចិនមកបង្ហាត់នៅកម្ពុជាផងដែរ។ ហើយ ការជួយទាំងអស់នេះ បានធ្វើឱ្យកម្ពុជាទទួលបានជោគជ័យ ដោយអត្តពលិកប្រជែងបានមេដាយមាស ប្រាក់ និងសំរឹទ្ធជាច្រើនជូនកម្ពុជា។ លោក ជំទាវ អះអាងថា ទោះបីគម្រោងជំនួយបច្ចេកទេសកីឡានៅពេលនោះ មានការរារាំងដោយជំងឺកូវិដយ៉ាងណាក្តី ក៏ចិននិងបានបានពុះពាររហូតជួយផ្តល់ការហ្វឹកហាត់ជូនអត្តពលិកកម្ពុជាទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចេះត្រចង់ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដោយកម្ពុជាដណ្តើមបានចំណាត់លេខ៤ក្នុងចំណោម១១ប្រទេសក្នុងតំបន់អាស៊ាន សរុបមេដាយដណ្តើមបានចំនួន ២៨២គ្រឿង ក្នុងនោះមានសំរិទ្ធ ១២៦គ្រឿង ប្រាក់៧៤គ្រឿង និងមាស៨១គ្រឿង។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានថ្លែងគូសបញ្ជាក់ថា គម្រោងជំនួយបច្ចេកទេសកីឡាដែលចិនបានជួយកម្ពុជា លើ១២ប្រភេទកីឡាទៅហ្វឹកហាត់នៅប្រទេសចិនបានបញ្ចប់គម្រោងហើយ ។ ហើយគម្រោងថ្មីដែលគ្រោងចុះហត្ថលេខាបន្តលើការជួយជំនួយបច្ចេកទេសកីឡា តាមរយៈការជួយពីសំណាក់ភាគីចិន គឺគម្រោងសម្រាប់កីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ។ឯកឧត្តម អះអាងថា នេះជាការបង្ហើបប្រាប់ពីភាគីចិន ដើម្បីជួយអភិវឌ្ឍន៍សមត្ថភាពអត្ថពលិកកម្ពុជាឈានទៅរកការប្រជែងដណ្តើមបានមេដាយដោយគុណភាព។

ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ជាក់ស្តែងសម្រាប់គម្រោងជំនួនបច្ចេកទេសកីឡា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ បានជួយឱ្យគុណផលរបស់អត្តពលិកកម្ពុជារីកចម្រើន និងទទួលបានលទ្ធផល្អ គឺការប្រជែងដណ្តើមបានមេដាយយ៉ាងច្រើនជូនកម្ពុជា។

គួរឱ្យដឹងដែរថា តាមការបញ្ជាក់ពីឯកឧត្តម រដ្ឋលេខាធិការ គម្រោងជំនួយបច្ចេកទេសកីឡារបស់ភាគីចិនគ្រោងនឹងជួយបន្តដល់កម្ពុជាដែលនិងអនុវត្តឆ្ពោះទៅកីឡាយុវជនឆ្នាំ២០២៩ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ នឹងក្លាយជាផ្នែកមួយជួយឱ្យកម្ពុជាឈានទៅសម្រេចក្តីស្រម៉ៃបង្កើនចំនួនមេដាយពីកីឡាអេស៊ានហ្គេមនៅជប៉ុនឆ្នាំ២០២៦ ពិសេស គឺឈានទៅសម្រេចផែនការឱ្យអត្តពលិកកម្ពុជាជាប់ការប្រកួតជម្រុះអូឡាំពិកក្លាយ ជាកី ឡាករ ការិនីពេញសិទ្ធិចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅ សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៨ ៕