សោម ពិសិដ្ឋ ជួយស្រោចស្រង់ពិន្ទបាន បញ្ចៀសគុនខ្មែរពីការបរាជ័យក្រោមថ្វីដៃកីឡាករបរទេស ខណៈ កីឡាករ សំណាង ចុងក្រោយ ធ្វើខុសលក្ខណៈបច្ចេកទេសនៃការប្រកួត

Sports • August 26, 2024
សោម ពិសិដ្ឋ ជួយស្រោចស្រង់ពិន្ទបាន បញ្ចៀសគុនខ្មែរពីការបរាជ័យក្រោមថ្វីដៃកីឡាករបរទេស ខណៈ កីឡាករ សំណាង ចុងក្រោយ ធ្វើខុសលក្ខណៈបច្ចេកទេសនៃការប្រកួត

ច្បាស់ការហើយ!! កម្មវិធីគុនខ្មែរប៉ុស្តិ៍លេខ៥ កាលពីថ្ងៃសៅរិ៍ចុងសប្ភាហ៍កន្លងទៅនេះ មិនមានលទ្ធផលស្មើឡើយ មានតែឈ្នះ និងចាញ់តែប៉ុណ្ណោះ។ សម្រាប់គូទី១ ប្រើហ្គង់ធម្មតា ទម្ងន់ ៤៨គីឡូក្រាម បង្គោលខៀវកីឡាករ ខាំ ពិសិដ្ឋ បានប្រើកែងពុះមុខកាណូតផ្តួលបង្គោលក្រហមកីឡាករ សូដា អ៊ីចយ ឲ្យសន្លប់នៅត្រឹមទឹកទី១ តែម្តង ហើយថែមទាំងបន្សល់ទុកនូវលោហិតហូរកាត់មុខផងដែរ ។ 

រីឯគូទី២ ប្រើហ្គង់ធម្មតាទម្ងន់ ៦៧គីឡូក្រាម បង្គោលខៀវកីឡាករ គង់ សុខគី ម៉ាត់ធ្ងន់ៗទៅលើផ្ទៃមុខបង្គោលក្រហមកីឡាករ ភី សុភ័ក្រ្ក ឲ្យដួលក្រោកលែងរួច ក៏ត្រូវអាជ្ញាកណ្តាលរាប់គ្រាប់ ១០ ហើយក៏បញ្ឈប់ត្រឹមទឹកទី២ តែម្តង។ ចំណែកឯគូទី៣ ប្រើហ្គង់ចេញម្រាម ទម្ងន់ ៦៣.៥គីឡូក្រាម បង្គោលក្រហមកីឡាករ រិទ្ធី ម៉ាណូយ បានទាត់បង្គោលខៀវកីឡាករ លីន ជី ឲ្យខូចជើងក្រោម ក៏ត្រូវបញ្ឈប់នៅត្រឹមទឹកទី៣ ។ 

លុះចូលដល់គូទី៤ ជាគូមិត្តភាពអន្តរជាតិកម្ពុជាអ៊ីរ៉ង់ ទម្ងន់ ៦៩គីឡូក្រាម ប្រើហ្គង់ធម្មតា រវាងកីឡាករ សំណាង ចុងក្រោយ ជាមួយកីឡាករ Ibrahim Mohammadi ។ សម្រាប់គូនេះ គណៈវិនិច្ឆ័យសម្រេចឲ្យកីឡាករ សំណាង ចុងក្រោយ ចាញ់ ព្រោះតែគេធ្វើខុសលក្ខណៈបច្ចេកទេស នៃការប្រកួតនៅក្នុងទឹកទី២ និងផ្តល់ជ័យជម្នះទៅឲ្យកីឡាករអ៊ីរ៉ង់វិញ ។

រីឯគូទី៥ ជាគូមិត្តភាពអន្តរជាតិកម្ពុជាអ៊ីរ៉ង់ ១គូទៀត ហើយក៏ជាគូចុងក្រោយប្រចាំកម្មវិធី ប្រកួតក្នុងទម្ងន់ ៦៧គីឡូក្រាម ប្រើហ្គង់ចេញម្រាម រវាងកីឡាករ សោម ពិសិដ្ឋ ប៉ះជាមួយកីឡាករអ៊ីរ៉ង់ ។ គូនេះល្អម្នាក់មួយផ្លែ ប៉ុន្តែខាងគុនខ្មែរមានឱកាសវាយចំគោលដៅបានច្បាស់ៗល្អជាង ទើបចៅក្រមសម្រេចឲ្យជ័យជម្នះទៅលើកីឡាករ សោម ពិសិដ្ឋ ក្រោយតស៊ូគ្នាយ៉ាងស្វិតស្វាញអស់ពេញ ៣ទឹក។ ដូច្នេះសម្រាប់ការប្រកួតគូមិត្តភាពអន្តរជាតិនៅសប្តាហ៍នេះ គុនខ្មែរឈ្នះមួយ និងចាញ់មួយ ដោយចាញ់ ព្រោះធ្វើខុសលក្ខណៈបច្ចេកទេស ។ 

សូមជម្រាបថា កម្មវិធីគុនខ្មែរប៉ុស្តិ៍លេខ៥ អាចដំណើរការទៅបានជារៀងរាល់សប្តាហ៍ដោយទទួលបានការឧបត្ថមពីក្រុមហ៊ុនទឹកកកអនាម័យ EVA Premium Ice និងក្រុមហ៊ុនទឹកបរិសុទ្ធ Lyyon រួមទាំងមានការសហការឧបត្ថមដោយក្រុមហ៊ុនថ្នាំដុសធ្មេញ Colgate ផងដែរ។ កម្មវិធីរៀបចំឡើងជារៀងរាល់ល្ងាចថ្ងៃសៅរិ៍ នៅស្ទូឌីយ៉ូប្រដាល់ប៉ុស្តិ៍លេខ៥ ព្រែកកំពឹស និងបើកទទួលស្វាគមន៍បងប្អូនឲ្យចូលទស្សនាដោយសេរី! 








x Enlarged Image