ខេត្តពោធិ៍សាត់ ៖
នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានចោទប្រកាន់ និងតុលាការ បានចេញដីកាឃុំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថន ចាន់ថាន អាយុ៣៥ឆ្នាំ ក្រោមបទចោទប្រព្រឹត្តបទល្មើសរួមគំនិតក្បត់ ក្រោយចែកចាយវីដេអូតាមហ្វេសប៊ុកពីប្រភពទំព័រហ្វេសប៊ុកផ្សេងៗ ក្នុងចេតនាចូលរួមញុះញង់បំផុសបំផុលឲ្យអ្នកដទៃប្រឆាំងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលអាចប្រឈមនឹងជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ តាមបញ្ញត្តិមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ ។
តាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានចុះប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេតគណនី ហ្វេសប៊ុក ចំនួនពីរគណនី ឈ្មោះ ជាងថា ក្រវាញជាងដែក និងឈ្មោះ ជាងថានសិប្បកម្មដែកកញ្ចក់អីណុក ដែលប្រើប្រាស់និងគ្រប់គ្រងដោយជនសង្ស័យឈ្មោះ ថន ចាន់ថាន អាយុ៣៥ឆ្នាំ ។
ក្រោយពីទទួលបានសំណុំរឿង និងពិនិត្យភស្តុតាងដែលដកហូត ព្រមទាំងចម្លើយជនសង្ស័យតាមនីតិវិធីរួចមក តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើជនសង្ស័យខាងលើ ពីបទរួមគំនិតក្បត់ ប្រព្រឹត្តនៅភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីថ្ងៃទី០៧ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ តាមរយៈដីកាសន្និដ្ឋានបញ្ចូនរឿងឱ្យស៊ើបសួរលេខ៖ ២៦៧១ អ.ក/២៤ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕