ខេត្តកំពង់ឆ្នាំង ៖

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តម ជំរុញលើកទឹកចិត្តចំពោះប្រជាពលរដ្ឋដែលបានធ្វើការនេសាទជាលក្ខណៈគ្រួសារ ត្រូវអនុវត្តតាមច្បាប់ស្តីពីជលផលដែលបានកំណត់ និងបញ្ជាយ៉ាងដាច់ណាត់ ដល់មន្ត្រីជំនាញ និង អាជ្ញាធរមានសមត្ថកិច្ច ធ្វើយ៉ាងណា   បង្ក្រាបនិងដុតបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនិងកន្លែង រួចត្រូវថតរូបភាពបង្ហាញភស្តុតាងជូនដល់ឯកឧត្តម វិញ ដោយធ្វើយ៉ាងណា បង្ក្រាបឲ្យអស់នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ ជាកំហិតដោយមិនឲ្យនៅមានសេះសល់ឡើយ​ ។

ការលើកឡើងដូចនេះ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ខណៈឯកឧត្តម បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះអនុវត្តផ្ទាល់ បង្ក្រាបបទល្មើសនេសាទនៅក្នុងរដូវបិទនេសាទ នៅចំណុចកំពង់ព្រះ ស្ថិតក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូ  ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយជាក់ស្តែង មានការប្រើឧបករណ៍ទាំងសាច់អួនក្រឡាញឹក និងក្រឡារង្វើល ដោយរបាំងលបមួយចំនួន ដាក់លើសប្រវែងដែលច្បាប់កំណត់នៅក្នុងរដូវបិទនេសាទនេះ ។ 

នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ឲ្យដឹងថាជាលទ្ធផល សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង រួមមាន៖ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង, សង្កាត់  រដ្ឋបាលជលផលបរិបូណ៌ និង ផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង ដឹកនាំលោក អ៊ូ សោភ័ណ ឋានៈនាយរងខណ្ឌ បានចុះបង្ក្រាបបទល្មើសនេសាទរបាំងសាច់អួនក្រឡាញឹក មានប្រវែងខុសនិងច្បាប់ស្ដីពីជលផល នៅចំណុចភូមិកំពង់ព្រះ ភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ រុះរើរបាំងសាច់អួនចំនួន០១ករណី ស្មើនិង០៤កន្លែង ប្រវែង៤០០ម៉ែត្រ, លបលូ ចំនួន០៨មាត់, បង្គោលចំនួន២៥០ដើម និង ចាក់លែងត្រីចម្រុះចូលដែននេសាទវិញ ចំនួន១០គីឡូក្រាម ៕