សហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហាញពីការត្រៀមរៀបចំការប្រកួតពានរង្វាន់ធំៗចំនួន ៣ ក្នុងឆ្នាំ ២០២៤ រហូតនៅដើមឆ្នាំ ២០២៥ ដែលកំពុងស្ថិតក្នុងកម្មវិធីចុះអនុស្សារណៈជាមួយនឹងក្រុមហ៊ុនឯកជនមួយ ដែលជាដៃគូសហការឧបត្ថម្ភរៀបចំការប្រកួត។ ការបង្កើតពានរង្វាន់ធំៗច្រើនបន្តបន្ទាប់នេះ បានបង្ហាញពីសន្ទុះងើបឡើងខ្លាំង នៃវិស័យកីឡាបាល់ទះកម្ពុជា រួមទាំងសន្ទុះនៃការគាំទ្រ ។
ចំពោះការបង្កើតពានរង្វាន់ច្រើននេះ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានចាត់ទុកថាជាការជំរុញទឹកចិត្ត ឱ្យបណ្តាក្លិបបាល់ទះ និងក្រុមកីឡាករងាកមកសម្លឹងការប្រកួតប្រជែងក្នុងវិស័យបាល់ទះកាន់តែច្រើនឡើង ។
យ៉ាងណាមិញសម្រាប់ក្លិបដែលអាចចូលរួមលេងក្នុងពានរង្វាន់ធំៗបាន ទាល់តែក្លិបដែលបានចុះបញ្ជីទទួលស្គាល់ពីសំណាក់សហព័ន្ធបាល់ទះកម្ពុជា ទើបពួកគាត់អាចមានសិទ្ធិចូលរួមលេងបាន។ យើងឃើញថាប្រាក់រង្វាន់ទៅតាមពានរង្វាន់នីមួយៗច្រើនណាស់ បើយើងប្រៀងធៀបទៅនឹងប្រាក់រង្វាន់តាមបណ្តាប្រទេសជិតខាងរបស់យើងមានចំនួនតិច ប៉ុន្តែកម្ពុជាយើងមានប្រាក់រង្វាន់ច្រើន ។ លោកអគ្គលេខាធិការដដែលក៏បានបង្ហាញក្តីរំពឹងថា ក្លិបដែលត្រៀមចូលរួមការប្រកួត នឹងពង្រឹងសមត្ថភាពកាន់តែខ្លាំង ដើម្បីឱ្យការប្រកួតមានភាពទាក់ទាញ ជាងការប្រកួតកន្លងទៅ ។
សូមបញ្ជាក់ថា ការប្រកួតបាល់ទះពានរង្វាន់ធំៗទាំងនោះ រួមមាន ការប្រកួតដណ្តើមប្រាក់រង្វាន់សម្តេចមហាបវរធិបតី Sea V League Challenge និងពានរង្វាន់សម្តេចក្រឡាហោម ស ខេង ត្រូវធ្វើឡើងបន្តបន្ទាប់ ចាប់ពីចុងខែសីហា រហូតដល់បញ្ចប់ឆ្នាំ ២០២៤។ ចំណែកពានរង្វាន់ថ្នាក់ភូមិភាគនៅទូទាំងប្រទេសកម្ពុជា ៤x៤ Wurkz Special Volleyball Challenge នឹងត្រូវធ្វើឡើងនៅដើមឆ្នាំ ២០២៥ ៕