រាជធានីភ្នំពេញ ៖

បុរសម្នាក់បើករថយន្ត ហ្វត រ៉េនជឺ ក្នុងល្បឿនលឿន បានរេចង្កូតជ្រុលទៅបុករថយន្តស៊េរីទំនើប Mercedes ជិះគ្នាបីនាក់ ចំពីមុខពេញទំហឹង រួចក៏បានទាញកាំភ្លើងវែង បាញ់រះជាច្រើនគ្រាប់ សំដៅទៅលើរថយន្ត Mercedes បណ្ដាលឲ្យរងរបួសធ្ងន់២នាក់ តែអកុសលបានស្លាប់ម្នាក់ បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ រីឯម្នាក់ទៀត បានបើកទ្វាររថយន្ត រត់រួចខ្លួន ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ ១០៤ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថានៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត ម៉ាក ហ្វត រ៉េនជឺ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BV-5779 បានធ្វើដំណើរក្នុងល្បឿនលឿន បានរេចង្កូតជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Mercedes ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BF-8168 ជិះគ្នាបីនាក់កំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាត។ បន្ទាប់មក ភាគីខាងរថយន្ត ហ្វត បានទាញកាំភ្លើងវែង បាញ់រះជាច្រើនគ្រាប់ មកលើភាគីខាងរថយន្ត Mercedes បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់២នាក់ តែជាអកុសល បានស្លាប់ម្នាក់ក្រោយពីបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ សំណាងល្អម្នាក់ទៀត បានបើកទ្វាររថយន្តរត់រួចខ្លួន ។

បន្ទាប់ពីបាញ់ប្រហារទៅលើភាគីខាងរថយន្ត Mercedes រួចហើយ  បុរសជាខ្មាន់កាំភ្លើងខាងលើ ត្រូវបានរថយន្តស៊េរីទំនើបមួយគ្រឿងទៀត បើកមកយករំដោះខ្លួនចេញពីកន្លែងកើតហេតុ បាត់ស្រមោល ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះមកដល់ទីតាំងកន្លែងហេតុ រួចក៏ បានទាក់ទងទៅខាងជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងយករថយន្តទាំងពីរទៅរក្សាទុក បណ្ដោះអាសន្ន រង់ចាំស៊ើបអង្តេតបន្ថែមលើករណីខាងលើនេះ ៕