ល្ខោននិយាយគឺជាទម្រង់សិល្បៈដែលប្រើប្រាស់ការនិយាយ ពាក្យពេចន៍ ពាក្យសម្តី និងវោហាសាសន៍ជាធំ រួមនឹងកាយវិការអមជាមួយ។ ទម្រង់សិល្បៈមួយនេះមានវត្តមាននៅប្រទេសកម្ពុជាចាប់តាំងពីក្នុងអំឡុងទស្សវត្សរ៍ឆ្នាំ១៩៤០ និងមានភាពល្បីល្បាញខ្លាំង នៅពេលដែលមានកម្មវិធីសម្ដែងនៅលើឆាក ក៏ដូចជាការចាក់ផ្សាយតាមវិទ្យុជាតិនាសម័យសង្គមរាស្ត្រនិយម និងសម័យសាធារណរដ្ឋខ្មែរ។ ដោយឡែកក្រុមឥសីវ៉ូលេ បន្ទាប់ពីទទួលបានភាពជោគជ័យ ក៏ដូចជាមានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់អ្នកស្នេហាល្ខោននិយាយ កាលពីអំឡុងសម្តែងរឿង “កុលាបប៉ៃលិន” ដោយទទួលបានអ្នកចូលរួមទស្សនាជាង 300 នាក់, ថ្មីៗនេះតាមរយៈការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការឥសីវ៉ូលេ  ភ្ជាប់ជាមួយរូបភាពនិងអមដោយសារពីរបីបន្ទាត់បានបញ្ជាក់ថាក្រុមនេះ កំពុងរៀបចំដំឡើងល្ខោននិយាយមួយទៀតក្រោមចំណងជើងថា “កំពុងធំជំរុំចិត្ត”។ បន្ថែមពីលើការបង្ហោះនេះទៀតសោតក៏បានឱ្យដឹងដែរថា ក្រោយពេលដំឡើងចប់រួចរាល់ នឹងមានសម្តែងជូនបងប្អូនទស្សនាឆាប់ៗខាងមុខនេះផងដែរ ។ 

សូមរំលឹកថា៖ ឥសីវ៉ូលេ គឺជាឈ្មោះក្រុមសិល្បៈមួយដែលតែងតែពាំនាំមកនូវទស្សនីយភាពដ៏ល្អឯកតាមរយៈការសម្តែងទម្រង់សិល្បៈល្ខោននិយាយ ដោយមានលោក ណេន ភារិទ្ធ ជាមន្ដ្រីកិច្ចសន្យានៃនាយកដ្ឋានសិល្បៈទស្សនីយភាព និងជាប្រធានក្រុមឥសីវ៉ូលេ។ កន្លងមកក្រុមនេះមិនត្រឹមតែជួយលើកស្ទួយ អភិរក្ស និងអភិវឌ្ឍន៍នូវទម្រង់សិល្បៈល្ខោននិយាយឱ្យគង់វង្សប៉ុណ្ណោះទេ ក្រុមនេះថែមទាំងបានជួយផ្សព្វផ្សាយ ក៏ដូចជាបញ្ជ្រាបឱ្យបងប្អូនជំនាន់ក្រោយបានស្គាល់ និងដឹងកាន់តែទូលំទូលាយទាក់ទងនឹងទម្រង់សិល្បៈមួយនេះផងដែរ ៕