កីឡាប៉ារ៉ាឡាំពិក ជាព្រឹត្តិការណ៍កីឡាចម្រុះអន្តរជាតិ ដែលធ្វើឡើងរៀងរាល់បួនឆ្នាំម្តង សម្រាប់អត្តពលិកមានពិការភាព។ ប៉ារ៉ាឡាំពិក ស្រដៀងទៅនឹងការប្រកួតកីឡាអូឡាំពិកដែរ ប៉ុន្តែព្រឹត្តិការណ៍នេះបង្កើតឡើងជាពិសេសដើម្បីបង្ហាញពីសមត្ថភាពកីឡាករ-ការិនីដែលមានបញ្ហារាងកាយ សតិអារម្មណ៍ ឬខ្សោយបញ្ញាជាដើម ហើយបានប្រារព្ធធ្វើលើកជាដំបូងនៅឆ្នាំ ១៩៦០ ប៉ារ៉ាឡាំពិកប៉ារីសឆ្នាំ ២០២៤ ជាព្រឹត្តិការណ៍លើកទី១៧ហើយ ។
ប៉ារ៉ាឡាំពិកប៉ារីស មានអត្តពលិកចូលរួមសរុប ៤ ៤០០នាក់ មកពី១៦៧ប្រទេសជុំវិញពិភពលោក រួមជាមួយអត្តពលិកជាជនភាសខ្លួន និងអត្តពលិកអព្យាក្រឹត ដែលត្រូវប្រកួតប្រជែងក្នុង២២ប្រភេទកីឡា លើ៥៤៩វិញ្ញាសា ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញា ។
ប្រទេសពីអាស៊ីអាគ្នេយ៍ ចំនួន១០ បានបញ្ជូនអត្តពលិករៀងខ្លួនទៅប្រជែងមេដាយនៅប្រទេសបារាំង លើកលែងតែព្រុយណេមួយប៉ុណ្ណោះ។ ចំណោម១០ប្រទេស ថៃបញ្ជូនអត្តពលិកច្រើនជាងគេចំនួន៧៨រូប តាមពីក្រោយដោយឥណ្ឌូណេស៊ី ៣៥រូប ម៉ាឡេស៊ី ២៨រូប សិង្ហបុរី ១០រូប វៀតណាម ៧រូប ហ្វីលីពីន ៦រូប រួមជាមួយកម្ពុជា ឡាវ ទីម័រខាងកើត និងមីយ៉ាន់ម៉ា មាន១រូបដូចគ្នា។ កម្ពុជា ឡាវ ទីម័រខាងកើត និងមីយ៉ាន់ម៉ា សុទ្ធតែទទួលបានសិទ្ធិអនុគ្រោះ (Wild Card) ពីគណៈកម្មការប៉ារ៉ាឡាំពិកអន្តរជាតិ ។
ចំណោមប្រទេសទាំង១១នៅអាស៊ីអាគ្នេយ៍ មានតែថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា វៀតណាម ហ្វីលីពីន និងឡាវប៉ុណ្ណោះដែលធ្លាប់ឈ្នះមេដាយពីព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក លើកលែងតែ កម្ពុជា ព្រុយណេ និងទីម័រខាងកើតប៉ុណ្ណោះ ដែលមិនធ្លាប់ដណ្តើមបានមេដាយណាមួយឡើយ ។
ថៃ ឈ្នះមេដាយប៉ារ៉ាឡាំពិក លើសលុបសរុប៨៧ ក្នុងនោះមាស២៤ ប្រាក់២៩ និងសំរឹទ្ធ៣៤ តាមពីក្រោយដោយឥណ្ឌូណេស៊ី ដែលឈ្នះមេដាយមាស៦ ប្រាក់៧ និងសំរឹទ្ធ១៤ សរុប២៧មេដាយ និងលេខ៣ម៉ាឡេស៊ី ឈ្នះមេដាយមាស៦ ប្រាក់៤ និងសំរឹទ្ធ៦ សរុប ១៦។ បន្តបន្ទាប់ សិង្ហបុរី ឈ្នះមេដាយសរុប១១ មាស៥ ប្រាក់២ និងសំរឹទ្ធ៤ មីយ៉ាន់ម៉ា ឈ្នេះមេដាយមាស២ ប្រាក់៣ និងសំរឹទ្ធ២ សរុប៧ វៀតណាម ឈ្នះមេដាយមាស១ ប្រាក់២ និងសំរឹទ្ធ២ សរុប៥ ហ្វីលីពីន ឈ្នះមេដាយសំរឹទ្ធ២ និងឡាវ ឈ្នះមេដាយសំរឹទ្ធ១ ៕