មានពន្លឺបន្តិចម្ដងៗ ព្រមទាំងបន្ថែមស្នាមញញឹមបន្តទៀតហើយ នៅក្នុងវិស័យគុនខ្មែរ របស់យើង ពេលដែលប្រមុខសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ បានដឹកនាំក្រុមការងារ ចុះពិនិត្យ វាស់វែង ត្រៀមរៀបចំសាងសងកន្លែងសម្រាប់ហ្វឹកហាត់ ជូនដល់ក្លិបប្រដាល់សុវណ្ណកុមារ ស្ថិននៅក្នុងស្រុកពញ្ញាព្ឬ ខេត្តកណ្ដាល ។

តាមការបង្ហើយអោយដឹងពីសំណាក់ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ថា បន្ទាប់ពីឯកឧត្តមប្រធាន រួមជាមួយក្រុមការងារបានចុះពិនិត្យដោយផ្ទាល់កាលពីពេលកន្លងមក មើលឃើញថាមានពីការលំបាកក្នុងការហ្វឹកហាត់ មានទាំងការខ្វះខាតសម្ភារៈបម្រើដល់ការហ្វឹកហាត់ រួមជាមួយនិងទីតាំង ព្រមទាំងមើលឃើញពីការតស៊ូរបស់លោកអ៊ុំ ផានិត ជាប្រធានក្លឹបនិងជាគ្រូបង្ហាត់នៅក្លឹបប្រដាល់សុវណ្ណកុមារគុនខ្មែរ ផងនោះ ក្នុងនាមឯកឧត្តម ជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រេចជួយសាងសងរោងសម្រាប់កីឡាករ កីឡាការិនីធ្វើការហ្វឹកហាត់ជាប្រចាំថ្ងៃ ជូនដល់ក្លឹបប្រដាល់ សុវណ្ណកុមារគុនខ្មែរ ដែលមានទីតាំងស្ថិតនៅភូមិព្រែកក្ដី ឃុំ ព្រែកតាទេន ស្រុក ពញាឮ ខេត្តកណ្ដាល តែម្ដង ។

តាមរយៈការសាងសងរោងសម្រាប់កីឡាករ កីឡាការិនីធ្វើការហ្វឹកហាត់ជាប្រចាំថ្ងៃនេះដោយប្រើគ្រោងឆ្អឹងដែក ដំបូលស័ង្កី មានទំហំ ៨ម៉ែតកន្លះ គុណនិង១៤ ម៉ែតកន្លះសមស្របទៅនឹងផ្ទៃដីរបស់ក្លឹប និងមានបន្ទប់ចំនួន២សម្រាប់កីឡាករ កីឡាការិនី សម្រាក់ ដោយគ្រោងចំណាយថវិការប្រមាណ១ម៊ឺនដុល្លា ។   

គួរំលឹកថា កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានអញ្ជើញចុះសួរសុខទុក្ខ ក្លឹបប្រដាល់ សុវណ្ណកុមារគុនខ្មែរ ដែលស្ថិតនៅភូមិព្រែកក្ដី ឃុំ ព្រែកតាទេន ស្រុក ពញាឮ ខេត្តកណ្ដាល ហើយនៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរក៏បាននាំយកមកនូវថវិកាមួយចំនួនរបស់សហព័ន្ធដែលមានអង្ករចំនួន៤បេ (២០០គីឡូក្រាម) សម្ភារៈហ្វឹកហាត់ (ហ្គង់ចំនួន៤គូ) ជូនទៅដល់ក្លឹបកីឡាប្រដាល់សុវណ្ណកុមារគុនខ្មែរ ដើម្បីជាការលើកទឹកចិត្តដល់កីឡាករ កីឡាការិនី អោយបន្តខិតខំប្រឹងប្រែងហ្វឹកហាត់កាន់តែខ្លាំង សម្រាប់ត្រៀមខ្លួនក្នុងការប្រកួតនានាទាំងថ្នាក់ជាតិ និងអន្តរជាតិ ។ 

ជាមួយគ្នានោះ ឯកឧត្ដម ប្រធានសហព័ន្ធ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់នៃភូមិព្រែកក្ដី ឃុំ ព្រែកតាទេន ស្រុក ពញាឮ ខេត្តកណ្ដាល ដែលបានចូលរួមចំណែកក្នុងការជួយទ្រទ្រង់ដល់ក្លឹប សុវណ្ណកុមារគុនខ្មែរ កន្លងមកនិងសមាគមសប្បុរសធម៌ មេត្តា ក៏ដូចជាការចូលរួមគាំទ្រលើវិស័យកីឡាប្រដាល់គុនខ្មែរផងដែរ ។