តារាចម្រៀងសំនៀងផ្អែម និងជា Single Mommy  អ្នកនាង ពេជ្រ សូលីកា កំពុងតែទទួលបានការពេញនិយមជាខ្លាំងពីសំណាក់អ្នកគាំទ្របន្ទាប់ពីក្លាយជាតារាចម្រៀងឯករាជ្យ ដោយមួយរយៈចុងក្រោយនេះ អ្នកនាងបានបញ្ចេញនូវបទចម្រៀងថ្មីៗជាច្រើននៅលើឆាណែលយូធូបផ្ទាល់ខ្លួន និងមានអ្នកនិយមលេងបណ្តាញសង្គមTikTok តែងតែយកបទចម្រៀងរបស់ខ្លួនទៅលេងនៅក្នុងបណ្តាញសង្គមមួយនេះជាហូរហែរ។ ជាមួយគ្នានេះ បទចម្រៀងថ្មីចុងក្រោយរបស់អ្នកនាងដែលបានបង្ហោះនៅលើយូធូប ដែលមានចំណងជើងថា “ថែការចងចាំ” ត្រឹមរយៈពេលបីសប្តាហ៍ប៉ុណ្ណោះមានអ្នកចូលទៅទស្សនា ច្រើនជាង 2 លានដងហើយគិតមកត្រឹមពេលនេះ។ “ថែការចងចាំ” ជាបទចម្រៀងដែលចាក់ដោតអារម្មណ៍ប្រិយមិត្តអ្នកស្តាប់នាពេលបច្ចុប្បន្ន ជាមួយនឹងអត្ថន័យត្អូញត្អែរឱ្យមនុស្សដែលខ្លួនធ្លាប់ស្រឡាញ់ចេះមើលថែខ្លួនឯងបន្ទាប់ពីគ្មានវត្តមានសង្សារចាស់ម្នាក់នេះនៅក្បែរ។ បទ “ថែការចងចាំ” មិនមែនជាបទទីមួយនោះទេដែលទទួលបានការគាំទ្រពីសំណាក់អ្នកស្តាប់ ដោយកន្លងមកមានបទចម្រៀងជាច្រើនទៀតក៏ទទួលបានប្រជាប្រិយភាពមិនចាញ់គ្នាប៉ុន្មានដែរ ក្នុងនោះរួមមាន បទ “ឈឺនៅត្រង់នេះ”, “គ្មានឱកាស” និង “ស្នាមបេះដូង” ជាដើម ។

សូមរំលឹកថា៖ មុននឹងក្លាយជាអ្នកចម្រៀងឯករាជ្យដូចសព្វថ្ងៃនេះ អ្នកនាង ពេជ្រ សូលីកា ធ្លាប់ជ្រកក្រោមទ្រនំផលិតកម្មអឹម និងផលិតកម្មរស្មីហង្សមាស ដោយបានបញ្ចេញនូវបទចម្រៀងល្បីៗជាច្រើននៅក្នុងផលិតកម្មទាំងនោះ ៕