រាជធានីភ្នំពេញ ៖
ស្ត្រីម្នាក់ដែលបានបង្ហោះវីដេអូទុកអាវុធដោយភ្ជាប់ជាមួយខ្លឹមសារ «អូនកាច ចឹង ធ្វើប្រពន្ធបងបាននៅ» ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនកាលពីយប់ថ្ងៃទី ២០ខែសីហាឆ្នាំ២០២៤ដើម្បីចាត់ការតាមច្បាប់ ។
តាមនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានជម្រាបជូនសាធារណៈជន និងអ្នកសារព័ត៌មានឲ្យបានជ្រាប អំពីចំណាត់ការតាមផ្លូវច្បាប់លើស្ដ្រីម្នាក់ ដែលបានប្រើប្រាស់គណនី Facebook ឈ្មោះ Yubee Ly ហើយ បង្ហោះវីដេអូប្រើប្រាស់អាវុធដោយខុសច្បាប់ ដោយភ្ជាប់ជាមួយខ្លឹមសារ «អូនកាចចឹងធ្វើប្រពន្ធបងបាននៅ» ។
ក្រោយពីឃើញការបង្ហោះបែបនេះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល និងលោកវរសេនីយ៍ទោ វុធ ស៊ែ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានធ្វើការស្រាវជ្រាវបន្ទាន់ភ្លាមៗប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ប្រហែល១ម៉ោងក្រោយការបង្ហោះ ក្រោមការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញកំណត់បានទីតាំងស្នាក់នៅ និងឈានដល់ការនាំខ្លួនស្ដ្រីម្នាក់ឈ្មោះ ម៉េង លីហ័រ អាយុ២៤ឆ្នាំ មកធ្វើការសួរនាំទាំងយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បាននិងកំពុងបន្ដធ្វើការសួរនាំស្ដ្រីខាងលើ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។
តាមការសាកសួរជំហ៊ានដំបូង ស្ដ្រីឈ្មោះ ម៉េង លីហ័រ បានសារភាពថា វីដេអូបាញ់ឡើងលើមួយគ្រាប់នេះ តាំងពីឆ្នាំ២០២២មកម្ល៉េះ ប៉ុន្ដែគេទើបយកមកបង្ហោះឡើងវិញ នៅក្នុងគណនីក្លែងក្លាយដែលប្រើប្រាស់ឈ្មោះ Yubee Ly។ ករណីនេះ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងបន្ដស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមថ្លែងអំណរគុណចំពោះសាធារណៈ និងអ្នកសារព័ត៌មានទាំងអស់ ដែលបានផ្ដល់កិច្ចសហការល្អក្នុងការផ្ដល់ព័ត៌មាន។ តាមគណនីហ្វេសប៊ុក Meng Lyhor ដែលជាគណនីពិតរបស់ស្ដ្រីឈ្មោះ ម៉េង លីហ័រ បានបង្ហោះបញ្ជាក់ថា "វីដេអូនេះខ្ញុំយកពីគេ មិនមែនខ្ញុំទេ ពួកវា fake Acc ខ្ញុំ យកវីដេអូណាណី មកថាខ្ញុំ កុំនាំគ្នាយល់ច្រលំ បើបាញ់បោះចឹងមែន កណ្តាលក្រុង ខ្ញុំជាប់គុកយូរហើយប្រទេសមានច្បាប់" ៕