ខេត្តកំពត ៖ 

មានហេតុការណ៍គួរឲ្យរន្ធត់មួយ បានកើតឡើង ដោយកូនស្រីស្លាប់ រីឯឪពុក រងរបួសធ្ងន់ ដោយសារត្រូវរន្ទះបាញ់ កាលពីថ្ងៃទី25 ខែសីហា ឆ្នាំ2024 វេលាម៉ោង12 និង30នាទីថ្ងៃត្រង់ ចំណុចដំរីផុង ព្រំប្រទល់ឃុំតាកែនកោះស្លា ក្នុងឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ។

ជនរងគ្រោះទី១ មានឈ្មោះ គុណ ចាន់ថេន ជាឪពុក រងរបួសធ្ងន់ កំពុងសំរាកព្យាបាលនៅមន្ទីរបង្អែកខេត្តកំពត ។ ចំណែកជនរងគ្រោះទី២ មានឈ្មោះ ស៊ីម សុខជា ភេទស្រីអាយុ១៦ឆ្នាំ ត្រូវរន្ទះបាញ់ស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។ ២នាក់ឪពុកនិងកូនស្រី មានមុខរបរដើរច្រូតស្បូវក្រងលក់ មានទីនៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។ 

យោងតាមប្រភពពីសំណាក់អ្នករួមដំណើរទៅជាមួយជនរងគ្រោះ បានឲ្យដឹងថានៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ខណៈកំពុងច្រូតស្បូវ ស្រាប់តែមេឃភ្លៀងនិងមានខ្យល់បក់យ៉ាងខ្លាំង ហើយ គេ បានឃើញជនរងគ្រោះ២នាក់ឪពុកនិងកូនស្រី ដើរសំដៅទៅរោងឈើប្រក់ស័ង្កសីចាស់ ដែលមានដើមធ្លក១ដើមយ៉ាងធំ គ្រប់ពីលើរោង ។

សាក្សីដដែល បានបន្តទៀតថាពេល ២នាក់ឪពុកនិងកូនស្រី ដើរចូលដល់រោងខាងលើភ្លាមនោះ ក៏មានរន្ទះបាញ់ ស្រាប់តែក្រលេកមើលទៅ ឃើញ២នាក់ឪពុកនិងកូនស្រី ដេកដួលនៅលើដី បាត់ទៅហើយ។ បច្ចុប្បន្ន បុរសជាឪពុក កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត ៕