កីឡាករប្រដាល់ជួរមុខកម្ពុជា ៣រូប នឹងធ្វើដំណើរទស្សនកិច្ចគុនខ្មែរ នៅតំបន់ប្រវត្តិសាស្ត្រអង្គរ នាថ្ងៃទី២៧ ដល់២៩ សីហា ឆ្នាំ២០២៤ ខាងមុខ។ ដំណើរទស្សនកិច្ចគុនខ្មែរ នៅទឹកដីសៀមរាបនេះ រៀបចំដោយអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា។កីឡាករប្រដាល់ទាំង៣រូបនេះ រួមមាន ឈឿន ល្វៃ , កីឡាករ ព្រំ សំណាង និងកីឡាករ លន បញ្ញា នឹងធ្វើដំណើរទស្សនកិច្ចគុនខ្មែរ នៅតំបន់ប្រវត្តិសាស្ត្រអង្គរ ដើម្បីសិក្សាស្វែងយល់ពីសាវតានៃក្បាច់គុនខ្មែរ ដែលមានឆ្លាក់នៅលើជញ្ជាំងប្រាសាទជាច្រើន នៅទឹកដីអង្គរ។ ក្រៅពីកីឡាករជួរមុខនេះ ក៏មានកីឡាករ កីឡាការិនីល្បុកត្តោជាច្រើនរូបទៀ ចូលរួមកម្មវិធីនេះផងដែរ ។

តាមការបង្ហើបអោយដឹងពីសំណាក់ លោក ធិន វិចិត្រ មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានកីឡា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ក្នុងគោលបំណងលើកកម្ពស់ក្បាច់គុនបុរាណខ្មែរ ហើយគោលបំណងនៃកម្មវិធីនេះ គឺចង់បំផុសស្មារតីគុនខ្មែរ ឱ្យកាន់តែប្រសើរឡើងថែមទៀត។ ចំពោះកម្មវិធីដំណើរទស្សនកិច្ចគុនខ្មែរទៅកាន់តំបន់ប្រវត្តិសាស្ត្រអង្គរនេះ ក្រោមគំនិតផ្ដួចផ្ដើមរបស់អគ្គនាយកដ្ឋានកីឡា ដោយមានកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា និងក្លិបទេសចរណ៍ខេត្តសៀមរាប ។

លោក ធិន វិចិត្រ បានបន្តថា ដំណើរទស្សនកិច្ចនេះ គឺជាទស្សនីយភាពប្លែកមួយទៀត ក្នុងទិសដៅលើកកម្ពស់ក្បាច់គុនបុរាណខ្មែរ ដែលបានបន្សល់ទុកពីដូនតាមក។ ក្រៅពីជួយឱ្យកីឡាករ កីឡាការិនី និងថ្នាលកីឡា បានសិក្សាស្វែងយល់ក្បាច់គុនបុរាណដូនតាហើយនោះ អគ្គនាយកដ្ឋានកីឡា ក៏នឹងចងក្រងជាឯកសារបន្ថែម ដើម្បីកំណត់អត្តសញ្ញាណគុនខ្មែរឱ្យបានច្បាស់លាស់ថែមទៀត ។ 

សម្រាប់កីឡាករ និងថ្នាល់គុនខ្មែរ ដែលនឹងចូលរួមកម្មវិធីនេះ នឹងត្រូវធ្វើសកម្មភាពកីឡាមួយចំនួន រួមមាន ដើរកម្សាន្តនៅក្នុងសួនរុក្ខជាតិអង្គរ, ជិះកង់នៅក្នុងព្រៃអង្គរ, រត់ឡើងភ្នំបាខែង ជាពិសេសទស្សនាចម្លាក់ក្បាច់គុនខ្មែរ នៅតាមជញ្ជាំងប្រាសាទបាយ័ន ប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងទៀត ៕