ខេត្តកំពត ៖

មានមនុស្សប្រុសស្រីចំនួន៦នាក់ បានស្លាប់និងរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងរវាងរថយន្តម៉ាក កាមរីបាឡែន បុករះម៉ូតូ២គ្រឿង ក្នុងទិសដៅបញ្រ្ចាសគ្នា ពីកើតទៅលិច លើកំណាត់ផ្លូវជាតិលេខ៣៣ កំពត-កែប ចំណុចបង្គោលគីឡូម៉ែត្រលេខ១១និង១២ ក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ កាលពីវេលាម៉ោង១៦:និង៤០នាទី ល្ងាចថ្ងៃទី២៦ខែសីហាឆ្នាំ ២០២៤ ។

តាមការឲ្យដឹងពីនគរបាលចរាចរណ៍ស្រុកទឹកឈូ ឲ្យដឹងថានៅមុនពេលកើតហេតុ មានម៉ូតូម៉ាកឌ្រីមសង់ពីរគ្រឿង មានអ្នករួមដំណើរទាំងអ្នកបើក៤នាក់ បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តម៉ាកCamry បាឡែន ពណ៌ខ្មៅមួយគ្រឿង បានបើកបរយ៉ាងលឿនមកពីទិសខាងកើត មិនដឹងជាមានបញ្ហាអ្វី ក៏ស្រាប់តែរេចង្កូតមកឆ្វេងដៃ រួចបុករះម៉ូតូ២គ្រឿងយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូទាំង២គ្រឿង មានមនុស្ស៤នាក់ខ្ទាត រណូករណែល រងរបួសធ្ងន់និងស្រាល នៅលើចិញ្ចើមផ្លូវយ៉ាងរន្ធត់ ។

ប្រភពដដែល ឲ្យដឹងទៀតថាភាគីបង្កគ្រោះថ្នាក់ គឺជារថយន្តម៉ាកកាំម៉ារីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2U 8019 អ្នកបើកបររថយន្ត មានឈ្មោះ ហ អៀង ភេទប្រុស អាយុ៥៧ឆ្នាំ រងរបួសស្រាល រស់នៅក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត និងមានអ្នករួមដំណើរ១នាក់ រងរបួសស្រាល រស់នៅភូមិសង្កាត់ជាមួយគ្នាខាងលើ ។

ចំណែកជនរងគ្រោះអ្នកបើកបរម៉ូតូ ទី១.មានឈ្មោះ ពុក ប៊ុននី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត បើកបរម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1D 8069 រងរបួសធ្ងន់ រួចបានស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងអ្នករួមដំដំណើរម្នាក់ ឈ្មោះជីង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បានរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត ។ 

រីឯ អ្នកបើកម៉ូតូមួយគ្រឿងទៀត ឈ្មោះ ខិត ថៃ ភេទប្រុស អាយុ១៦ឆ្នាំ បើកបរម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1S 5293 រងរបួសធ្ងន់ រស់នៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត និង មានអ្នករួមដំណើរម្នាក់ ឈ្មោះម៉ូត ថៃ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាខាងលើ រងរបួសស្រាល ។ ក្រោយកើតហេតុ វត្ថុតាង រួមមានម៉ូតូ០២គ្រឿង និងរថយន្ត០១គ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកឈូជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ៕