មន្ត្រី គ្រូបង្វឹក កីឡាករកីឡាការិនី ពិការ ព្រមទាំង កីឡាករ មកពី សហព័ន្ធ កីឡាអុកអន្ដរជាតិនៃកម្ពុជា សរុប ចំនួន៣៨ នាក់ បានបញ្ចប់ វគ្គបណ្ដុះបណ្ដាលស្តី ពីច្បាប់ និង បច្ចេកទេស កីឡាអុកអន្ដរជាតិ កំរិតមូលដ្ឋាន និង កំរិត មធ្យម ដោយជោគ ជ័យ បន្ទាប់ពីបានសិក្សាស្វែងយល់ រយៈពេល៥ថ្ងៃ នៅមជ្ឈមណ្ឌល ជាតិនៃជនពិការ តេជោសែន រាជធានីភ្នំពេញ ។
លោក ឯល រ៉ូហ្សាក់ គ្រូបង្វឹក សហពន្ធ័អុកកម្ពុជាបានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដោយ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាក្រោម កិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងបំណង លើកកម្ពស់ការយល់ដឹងពីច្បាប់ និង បច្ចេកទេស កីឡាអុកអន្ដរជាតិ ឲ្យកាន់តែប្រសើរ ដើម្បីជម្រុញឲ្យវិស័យកីឡាអុកអន្ដរជាតិនេះ មានការវិវឌ្ឍរីកចំរើនឆ្ពោះទៅរកការដណ្ដើម បានមេដាយពីការប្រកួតកំរិតអន្ដរជាតិ។.
ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាមានប្រសាសន៍ថា ក្រោយពីបញ្ចប់ វគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់ ទទួលបាន ចំណេះដឹងន្ថែមទៀត ពីច្បាប់ និង បច្ចេក ទេស នៃកីឡាអុកអន្ដរជាតិ។ ប៉ុន្ដែវាមិនទាន់គ្រប់គ្រាន់នៅឡើយ ទាមទារឲ្យយើងទាំងអស់គ្នាខិតខំប្រឹងប្រែងបន្ថែមទៀតទើបអាចសម្រេចនូវគោលដៅដែលយើងចង់បាន នោះគឺមេដាយពីការប្រកួតថ្នាក់អន្ដរជាតិ ។
ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានយកចិត្តទុកដាក់បំផុត ដល់ការអភិវឌ្ឍកីឡាអុកអន្ដរជាតិ ជាក់ស្ដែងក្នុងវគ្គបណ្ដុះបណ្ដាលនេះ លោក បានអញ្ជើញគ្រូឧទ្ទេសមកពីបរទេសចំនួន៣រូប មកជួយបណ្ដុះបណ្ដាលដល់ ធនធានមន្ដ្រី និងអត្តពលិក កម្ពុជា។បន្ថែមលើនេះគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មានគម្រោងបើកវគ្គបណ្ដុះបណ្ដាល បន្ដបន្ទាប់ទៀត ដើម្បីលើកកម្ពស់ សមត្ថភាពអត្តពលិក គ្រូបង្វឹក ឲ្យបានកាន់តែប្រសើរ ដើម្បីរួមគ្នា អភិវឌ្ឍ វិស័យកីឡាអុកអន្ដរជាតិនេះ ឲ្យមានការរីកចំរើន ឈានទៅ ដណ្ដើមមេដាយ ពីការប្រកួតកំរិតអន្ដរជាតិ មកជូនជាតិ ។
លោក ឡូរែន ប៉ូលចន ( Lauren Paul John)គ្រូឧទ្ទេស មកពី ហ្វីលីពីនបានកត់សម្គាល់ឃើញថា ក្នុងវគ្គនេះ មានសិក្ខាកាម៥នាក់ មាននារី ២នាក់ មានសមត្ថភាពខ្ពស់ ដែលអាចបន្ដការបណ្ដុះបណ្ដាលទៅវគ្គ បច្ចេកទេសកំរិតខ្ពស់បាន ហើយ លោកសង្ឃឹមថា អត្តពលិកជនពិការកម្ពុជានឹងអាចរកមេដាយប្រាក់ និង សំរិតបាន ពីការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី១៣ ឆ្នាំ២០២៦ នៅថៃ ។ ចំណែក កីឡាករជនពិការអុកអន្ដរជាតិ ស៊ិន វ៉ាន់ឌី ដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ បានបង្ហាញពីចំណាប់អារម្មរបស់ខ្លួនថា ក្រោយពីបានសិក្សាពីគ្រូបរទេស រយៈពេល៥ថ្ងៃ ធ្វើឲ្យរូបគាត់មានការយល់ច្រើន ទាំងផ្នែកទ្រឹស្ដី ច្បាប់ ព្រមទាំងបច្ចេកទេស ក្នុងការលេង ផងដែរ ហើយលោករំពឹងថា ក្នុងឱកាសអាស៊ានប៉ារ៉ាហ្គេមលើកទី១៣ នៅថៃ លោក នឹងខិតខំធ្វើឲ្យបានល្អដើម្បីនាំយកមេដាយមកជូនជាតិ ៕