ធ្វើឱ្យបណ្តាអ្នកគាំទ្រញញឹមបិទមាត់មិនជិត បន្ទាប់ពីតារាចម្រៀងស្រីដ៏ល្បីឈ្មោះរបស់ផលិតកម្មរស្មីហង្សមាស អ្នកនាង សួស វីហ្សា និង លោក ថមមី ដែលជាពិធីករ និងតារាសម្តែងបែបកំប្លុកកំប្លែង បានបង្ហោះរូបភាពអមជាមួយខេបសិនទទួលស្វាគមន៍សមាជិកទីពីរនៃគ្រួសារកាលពីពេលថ្មីៗកន្លងទៅនេះ។ ដូចពាក្យចាស់ពោលថា ការតស៊ូគង់បានសម្រេច ពេលនេះបំណងប្រាថ្នារបស់លោកថមមីក៏បានក្លាយជាការពិត បន្ទាប់ពីលោកចិញ្ចឹមចិត្តចង់បានកូនម្នាក់ទៀតដែលជាកូនប្រុសដើម្បីជាទាយាទស្នងត្រកូល។ ជាមួយការប្រកាសដំណឹងដ៏រំភើបកាលពីថ្ងៃចន្ទ ទី 19 ខែ សីហា ឆ្នាំ2024 នៅលើបណ្តាញសង្គមហ្វេសបុករបស់លោកថមមីផ្ទាល់ បានឱ្យដឹងថា ភរិយារបស់លោក អ្នកនាងសួស វីហ្សា កំពុងពរពោះកូនទីពីរ ប៉ុន្តែគិតមកត្រឹមពេលនេះ លោកមិនទាន់បានបញ្ជាក់អំពីខែគត៌ និងភេទកូនថាជាកូនស្រីឫក៏កូនប្រុសនោះទេ ។

គួររំលឹកផងដែរថា៖ លោកថមមី និងអ្នកនាងសួស វីហ្សា បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ និងទទួលបានចំណងដៃកូនស្រីម្នាក់ឈ្មោះ  ថង សាម៉ូលីណា ហៅ Jenny។ ហើយអាចនិយាយបានថា ជាគូស្នេហ៍គំរូនៅក្នុងរង្វង់សិល្បៈ ព្រោះជាគូស្នេហ៍ដែលមិនធ្លាប់យករឿងផ្ទៃក្នុងគ្រួសារមកហែកហួរនៅលើបណ្តាញសង្គមនោះទេ និងចាត់ទុកថាជាគ្រួសារជំនួញមួយដ៏ជោគជ័យផងដែរ៕