ការប្រកួតកីឡាជាតិលើកទី៤និងកីឡាជាតិជនពិការលើកទី២ឆ្នាំ២០២៤នឹងធ្វើចាប់ពីថ្ងៃទី២៩ខែតុលាដល់ថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០២៤នៅរាជធានីភ្នំពេញខេត្តកែបស្វាយរៀង ព្រះសីហនុ និងខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ “កីឡាជាតិដើម្បីព្រែក ជីកហ្វូណនតេជោ”។ សម្រាប់ការប្រកួតកីឡាជាតិលើកទី៤និងកីឡាជាតិជនពិការលើកទី២ឆ្នាំ២០២៤នេះ ត្រូវបានកំណត់យកប្រភេទកីឡាចំនួន៣៦ដោយមានវិញ្ញាសាសរុប៣២៨។រីឯប្រភេទកីឡាសម្រាប់ការប្រកួតកីឡាជាតិជនពិការ លើកទី២ មាន៧ប្រភេទកីឡា មានវិញ្ញាសាសរុប ៤៥។ 

សរុបរួមស្មើនឹង ៣៧៣វិញ្ញាសា ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ៤៨៥០នាក់ មកពី២៥រាជធានី-ខេត្ត និង៣ក្រសួងស្ថាប័ន គឺក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គណៈកម្មការរៀបចំការប្រកួតបានកំណត់យកទីតាំងទីលាន៥រាជធានី-ខេត្តដើម្បីរៀបចំការប្រកួតឱ្យស្របតាមស្តង់ដា រួមមាន៖ ទី១ រាជធានីភ្នំពេញ មានចំនួ ១៧ទីលាន, ទី២ខេត្តកែប នៅទីរួមខេត្ត និងឆ្នេរកែប, ទី៣ខេត្តព្រះសីហនុ នៅឆ្នេរអូឈើទាល ទី៤ ខេត្តកំពង់ឆ្នាំង នៅមុខសាលាខេត្ត និងភ្នំត្រាក និងទី៥ ខេត្តស្វាយរៀង នៅទន្លេវ៉ៃគោ។

ចំពោះពិធីបើកការប្រកួតប្រព្រឹត្តទៅ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤វេលាម៉ោង១៨:០០នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ និងពិធីបិទប្រព្រឹត្តទៅនាថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០២៤វេលាម៉ោង១៨:០០នាទីនៅពហុកីឡដ្ឋានជាតិអូឡាំពិកស្ថិតក្រោមអធិបតីភាពរបស់ឯកលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

គោលបំណងចម្បងនៃព្រឹត្តិការណ៍កីឡាជាតិនេះគឺផ្តោតសំខាន់លើការប្រកួតនិងជាការសាកល្បង វាស់ស្ទង់ គុណផលកីឡាជាតិ និងហ្វឹកហ្វឺន មន្ត្រីជំនាញកីឡា ឱ្យមានចំណេះដឹង និងបទពិសោធន៍គ្រប់គ្រាន់ជាពិសេសដើម្បីផ្តល់ឱកាសដល់សហព័ន្ធកីឡាជាតិទាំងអស់បានដាក់មន្ត្រីបច្ចេកទេសដែលបានបណ្តុះបណ្តាលរួចឱ្យអនុវត្តការរៀបចំប្រកួតជាក់ស្តែងលើទីលានប្រកួត, ទទួលបានចំណេះដឹងនិងបទពិសោធន៍ ។

កីឡាករកីឡាការិនីបានវាស់ស្ទង់គុណផលកីឡានិងទទួលបានបទពិសោធន៍នៃការប្រកួត, រៀបចំទីលានប្រកួតឱ្យស្របតាមស្តង់ដារតំបន់, រៀបចំពិធីបើកបិទឱ្យស្របតាមស្តង់ដារហ្គេម,ជាការសាកល្បងសម្រាប់ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ (The 5th Asian Youth Games 2029) ក្នុងន័យការរៀបចំពិធី «បើក» «បិទ» បដិសណ្ឋារកិច្ចឱ្យបានល្អ និងការដណ្តើមមេដាយ ការរៀបចំបច្ចេកទេសប្រកួតឱ្យមានតម្លាភាព ស្អាតស្អំ និងយុត្តិធម ៕