ដូចដែលដឹងស្រាប់ហើយថាស្រីស្អាត ឃុន វ៉ាន់លីង គឺជាអ្នកផលិតមាតិកាដ៏ពេញនិយម និងតែងតែធ្វើការចែករំលែកវីដេអូផ្សេងៗជាច្រើន ដូចជាតំបន់ទេសចរណ៍ក្នុងស្រុក ចំណេះដឹង និងស្ទីលតុបតែងខ្លួនជាដើម។ តាមរយៈវីដេអូដំណើរកម្សាន្តរបស់នាងនៅកោះតៃវ៉ាន់ជាមួយការស្លៀកឈុតសម័យលង្វែក ដែលបានបង្ហោះកាលពីថ្ងៃទី22 ខែសីហាកន្លងទៅនេះ កំពុងទទួលបានការចាប់អារម្មណ៍ពីបណ្តាអ្នកលេងបណ្តាញសង្គមយ៉ាងច្រើនកុះករ ដោយមានការសរសើរមិនដាច់ពីមាត់ថា ពិតជាមានសម្រស់ស្រស់ស្អាតខ្លាំង ព្រមទាំងសម្តីសម្តៅក៏សមសួនជានារីខ្មែរពិតៗ។ មិនត្រឹមតែទទួលបានការចាប់អារម្មណ៍ពីសំណាក់បងប្អូនខ្មែរយើងប៉ុណ្ណោះទេ នាងថែមទាំងទទួលបានការចាប់អារម្មណ៍ពីសំណាក់ជនជាតិតៃវ៉ាន់ដែលរស់នៅទីនោះផងដែរ។ នៅក្នុងវីដេអូដែលមានរយៈពេលជិត4នាទី ឃុន វ៉ាន់លីង បាននិយាយប្រាប់យ៉ាងដូច្នេះថា ការស្លៀកក្បិន ក៏ដូចជាការពានាស្បៃ ដែលជាឈុតនាសម័យលង្វែកនេះ គឺមានការស្លៀកដោយខ្លួនឯង នាងក៏បានបន្តឱ្យដឹងទៀតថា ការរៀនស្លៀកឈុតបុរាណមួយនេះ នាងរៀនត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ។ យ៉ាងណាមិញទោះបីជាការរៀនស្លៀកឈុតបុរាណខ្មែរមួយនេះមានរយៈពេលខ្លី ក៏ដូចជាការស្លៀកដោយខ្លួនឯងមានផលលំបាកបន្តិចបន្តួចក៏ពិតមែន ប៉ុន្តែសង្កេតឃើញថាលទ្ធផលដែលទទួលបានមកវិញគឺមានការពេញចិត្តពីអ្នកលេងបណ្តាញសង្គមជាច្រើន ។
គួររំលឹកថា៖ ឃុន វ៉ាន់លីង គឺជាអ្នកខេត្តសៀមរាប និងជាអតីតសិស្សនៅវិទ្យាល័យ 10 មករា 1979។ ក្រៅពីអាជីពជាអ្នកផលិតមាតិកា នាងថែមទាំងជា អ្នកថត Vlog, ថតម៉ូដសម្លៀកបំពាក់ឱ្យសម្អាងការនានា ថតប្រូម៉ូតផលិតផល និងជាម៉ូដែលជាដើម ៕