ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់ សម្តេច ធិបតី ហ៊ុន ម៉ាណែត លើកទី១ គ្រោងដំណើរការប្រកួតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែ តុលា ឆ្នាំ២០២៤ នៅក្នុងវិមានកីឡានៃពហុកីឡដ្ឋានជាតិអូឡាំពិក ។ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជា អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងគូសញ្ជាក់ថា ការប្រកួតនេះបានរៀបចំឡើង ដើម្បីចូលរួមការពារ និងលើកស្ទួយក្បាច់គុនបុរាណខ្មែរយើង ។
ឯកឧត្តម បានពន្យល់ថា ការប្រកួតនេះ បានរៀបចំឡើងផ្តោតលើការយកចិត្តទុកដាក់បង្កើនស្មារតីចូលរួមរបស់យុទ្ធគុនទាំងអស់មានល្បុក្កតោ យុទ្ធគុនខម គុនចម្រុះខ្មែរ និងគុនខ្មែរ ដោយមិនសំដៅលើលាភសក្ការៈនោះឡើយ។ ប៉ុន្តែនៅក្នុងនោះ សម្រាប់ម្ចាស់ជ័យលាភីតាមវិញ្ញាសានីមួយៗ គឺទទួលបានប្រាក់រង្វាន់មិនខ្ពស់ពេកហើយក៏មិនទៀបពេក ផ្តល់ជូនសមរម្យអាចទទួលយកបាន។ ឯកឧត្តម អះអាងថា ពានរង្វាន់សម្តេច ធិបតីលើកទី១នេះ បានបង្កើតឡើង ដើម្បីបង្រួបបង្រួមក្បាច់គុនខ្មែរ និងផ្សព្វផ្សាយពីយុទ្ធគុនខ្មែរដែលមានក្បាច់គុនខ្លះស្ទើតែបាត់បង់ និងបានគាស់រំលើងមកវិញ ។
ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ទៀតថា ការប្រកួតពានរង្វាន់សម្តេច ធិបតីនេះ មិនមានកាយវិការណាមួយបង្ហាញចេញនូវផលប្រយោជន៍លាភសក្ការៈនោះទេ ពោលគឺរៀបចំដើម្បីបំផុសយុទ្ធគុនខ្មែរ។ដូច្នោះហើយ សូមបណ្តាក្លិបទាំងអស់បញ្ជូនកីឡាករកីឡាការិនីចូលរួមប្រកួតឱ្យបានច្រើន ប្រកួតដើម្បីមុខមាត់ជាតិ និងមុខមាត់របស់ខ្លួនឯង ព្រោះនេះ ជាការប្រកួតអាចរាប់បញ្ចូលបានជាការប្រកួតលំដាប់ប្រទេស ។
ឯកឧត្តម បានបន្ថែមទៀតថា សម្រាប់កីឡាករកីឡាការិនីដែលគ្មានក្លិបក៏អាចចូលរួមប្រកួតបានដែរ ដោយដាក់ពាក្យតាម ការផ្សព្វផ្សាយ និងមកដាក់ពាក្យដោយផ្ទាល់នូវអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។