ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ តំណាង ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា អញ្ជើញបើកការប្រកួតកីឡាស៉្បេស្យាល់អូឡាំពិកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ នៅខេត្តបន្ទាយមានជ័យ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ។

ឯកឧត្តម សែម សុខា បានចាត់ទុកការប្រកួតកីឡាស៉្បេស្យាល់អូឡាំពិកនេះ ជាឱកាសដ៏ល្អមួយក្នុងការជួបជុំគ្នា ដើម្បីបានយល់ដឹង និងជ្រួតជ្រាបបន្ថែមពីចលនាកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា ដែលបាននិងកំពុងអនុវត្តសកម្មភាពការងារពីដំណាក់មួយទៅដំណាក់កាលមួយ។

វិស័យពិការភាព គឺជាអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការ ។

ក្រសួងសង្គមកិច្ច បានផ្តល់អាទិភាព ជនមានពិការភាពគ្រប់ប្រភេទបានទទួលសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា និងការបណ្តុះបណ្តាលវិជ្ជាជីវៈដោយឥតគិតថ្លៃ សេវាអក្សរស្ទាប និងភាសាសញ្ញាសម្រាប់ជនមានពិការភាព ត្រូវបានបង្កើតដើម្បីឆ្លើយតបនឹងតម្រូវការរបស់ជនមានពិការភាព កម្មវិធីអភិវឌ្ឍសហគមន៍ប្រកបដោយបរិយាបន្ន បានជួយលើកកម្ពស់សិទ្ធិ និងជីវភាពរបស់ជនមានពិការភាព។ ជនមានពិការភាពបានពង្រឹងភាពជាម្ចាស់ការរបស់ខ្លួន តាមរយៈការចងក្រងក្រុមជួយខ្លួនឯង ការរើសអើងជនមានពិការភាពត្រូវបានកាត់បន្ថយ ពង្រឹងទស្សនៈមើលឃើញសមត្ថភាពជនមានពិការភាពប្រសើរជាងមើលឃើញពិការភាព ដោយផ្តល់ឱកាសស្មើភាពគ្នាចំពោះជនមានពិការភាពក្នុងការបង្កើតមុខរបរ ដោះស្រាយការងារ បង្កើនប្រាក់ចំណូល ការធ្វើដំណើរចល័តទី ការអប់រំ សុខាភិបាល សង្គមកិច្ច ការចូលរួមសកម្មភាពនយោបាយ និងការអភិវឌ្ឍសង្គម។

ឯកឧត្តម សែម សុខា បានអំពាវនាវដល់អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក រាជធានី ខេត្ត ក៏ដូចជាអង្គការ សមាគមនានា ជួយដល់ជនពិការខ្សោយសតិបញ្ញា សូមយកចិត្តទុកដាក់បីបាច់ថែរក្សា និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ និងចូលរួមការប្រកួតនានា ដូចដែល គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំតាមកម្មវីធីជារៀងរាល់ឆ្នាំ។ ចំពោះការងារនេះ គឺមានតែក្រុមគ្រួសារ ឪពុកម្តាយ អាណាព្យាបាល ឬអ្នកដែលជិតបំផុតរបស់កីឡាករ កីឡាការិនី ជនបញ្ញាខ្សោយប៉ុណ្ណោះ ដែលជាកត្តាសំខាន់បំផុត ក្នុងការបំផុសជំរុញលើកទឹកចិត្តដល់ពួកគាត់ ដើម្បីចូលរួមចលនាកីឡា។

សូមបញ្ជាក់ថា ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤ មានប្រតិភូកីឡា អាជ្ញាកណ្តាល មន្ត្រីបច្ចេកទេស អាណាព្យាបាល មកពីខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។ ប្រកួតលើ៣ប្រភេទកីឡា គឺកីឡាអត្តពលកម្ម បុរស-នារី , កីឡាបាល់ទាត់យូនីហ្វាយ បុរស និងនារី និងកីឡាប៊ូល ៖ ១ នាក់ទល់១ នាក់ និង ២នាក់ទល់២នាក់ ៕