រាជធានីភ្នំពេញ ៖

ជនសង្ស័យចំនួន ៣នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានហើយកសាងសំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់នៅព្រឹកថ្ងៃទី២១ខែសីហា ឆ្នាំ២០២៤នេះ ។ 

ជនសង្ស័យដែលត្រូវឃាត់ខ្លួន៖ ១.ឈ្មោះចាន់សុភ័ក្រ្ត ហៅវិត ភេទប្រុស អាយុ ២៥ឆ្នាំស្នាក់នៅរោងអេតចាយក្នុងដីឡូតិ៍ទុកចោលមួយកន្លែងតាមផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ, ២.ឈ្មោះហេងសុខា ហៅពុង ភេទប្រុសអាយុ២៤ឆ្នាំស្នាក់នៅតាមផ្លូវបេតុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ,៣.ឈ្មោះឈូ វុទ្ធីភេទប្រុសអាយុ២៣ ឆ្នាំស្នាក់ នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ 

តាមនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថាកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង២និង៣០នាទីរំលងអាធ្រាត ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស(ឆ្កឹះសោរទ្វារផ្ទះ)យកម៉ូតូចំនួន០២គ្រឿង នៅត្រង់ចំណុចផ្ទះជួលផ្លូវ១០០៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ម៉ូតូដែលចោរលួចនេះ ម៉ាក ស្តុបពី ពណ៌ស ពាក់ស្លាកលេខតាកែវ ១U.៦៩០៦មួយគ្រឿង ដែលមានម្ចាស់ឈ្មោះ គង់ បញ្ញា ភេទស្រី ជានិស្សិតនិងមួយគ្រឿងទៀត ម៉ាក ហុងដាសេ១២៥ ពាក់ស្លាកលេខភ្នំពេញ១CD.៣៧៩២ ដែលមានម្ចាស់ឈ្មោះថៃស្ថេរ៉ា ភេទស្រី អាយុ២៩ឆ្នាំជានិស្សិត ។

បន្ទាប់ពីជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងរួច ដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួនណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនិងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ  កំលាំងផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌសែនសុខ បានសហការជាមួយការិយា ល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ស្រាវជ្រាវកំណត់មុខសញ្ញានិងឈានទៅសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបានជនសង្ស័យ៣នាក់ កាលពីថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៤ នៅក្នុងភូមិព្រែកតាគង់សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ ដោយដកហូតម៉ូតូដែលជិះធ្វើសកម្មភាពមួយគ្រឿង ៕