គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិក ថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤ ដើម្បីចែករំលែក បទពិសោធន៍ ភាពសប្បាយរីករាយ ពីគ្នាទៅវិញទៅមក លើកកំពស់ ជនបញ្ញាខ្សោយ ព្រមទាំងលុបបំបាត់ពីការរើសអើងផ្សេងៗនៅក្នុងសង្គម។ ពិធីនេះ ធ្វើឡើងនៅកីឡដ្ឋានខេត្ដសៀមរាប ស្ថិតនៅភូមិស្វាយធំ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានកីឡាករ កីឡាការីនី ចូលរួមជាជនពិការខ្សោយសតិបញ្ញា មកពីខេត្ដកំពង់ធំ និងសៀមរាប ។
លោក លី សារី អភិបាលរងខេត្ដសៀមរាប បានថ្លែងថា ការរៀបចំដំណើរការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤ និងកម្មវិធីត្រួតពិនិត្យសុខភាពកីឡាករ កីឡាការិនី បញ្ញាខ្សោយ ក្នុងគោលបំណងគឺ ផ្ដល់ឱកាសឱ្យក្រុមកីឡាករ កីឡាការិនី ខ្សោយសតិបញ្ញា ថ្នាក់ភូមិ ឃុំ ស្រុក ខេត្តបានជួបជុំគ្នា ធ្វើការប្រកួតប្រជែង ដើម្បីចែករំលែក បទពិសោធន៍ ភាពសប្បាយរីករាយ ពីគ្នាទៅវិញទៅមក លើកកំពស់ជនបញ្ញាខ្សោយ និងលុបបំបាត់ពីការរើសអើងផ្សេងៗនៅក្នុងសង្គម ។លើសពីនេះទៀតនោះ ការប្រកួតមិនមែនដើម្បីតែជ័យជំនះម៉្យាងនោះទេ គឺដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងផ្តល់ឱកាសចូលរួមសកម្មភាពក្នុងសង្គមតាមរយៈវិស័យកីឡា ស្របតាមចលនាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់ពិភពលោក។លោកបន្ដថា ការប្រកួតនេះ ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីឆ្នើម ទៅចូលរួមការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ នាចុងខែវិច្ឆិកាខាងមុខផងដែរ។ជាមួយគ្នានេះ ការប្រគួតកីឡានោះ ជនមានពិការភាពខ្សោយសតិបញ្ញា ដែលមានឪពុក ម្តាយ អាណាព្យាបាល បានយល់ដឹងកាន់តែទូលំទូលាយ និងបានបង្កលក្ខណៈឲ្យកូនចៅរបស់គាត់បានចូលរួមក្នុងការហ្វឹកហាត់នូវប្រភេទកីឡាបាល់ទាត់ កីឡាប៊ូល និងកីឡាអត្តពលកម្ម ដើម្បីពង្រឹង និងពង្រីកសមត្ថភាពរបស់កីឡាករ ក្នុងការចូលរួមចលនា កីឡាស្ប៉េស្យាល់អូឡាំពិកបានល្អប្រសើរ ។
ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និង ជាអនុប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា មានប្រសាសន៍ថា វិស័យពិការភាព គឺជាអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយរាជរដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់នូវគោលនយោបាយអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដែលធានាបាននូវប្រសិទ្ធភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដើម្បីលើកកម្ពស់ការកសាង និងអភិវឌ្ឍមូលធនមនុស្ស សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះនិងងាយរងហានិភ័យ ជាពិសេស ចូលរួមចំណែកកាត់បន្ថយ ភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ឯកឧត្ដមបន្ដថា គណៈកម្មាធិការ បានបន្តជំរុញនិងចូលរួមសហការជាមួយអង្គការដៃគូពាក់ព័ន្ធនានា ដែលបានជួយដល់ជនពិការខ្សោយសតិបញ្ញា ដើម្បីផ្តល់ឱកាសដល់ពួកគាត់ បានហ្វឹកហាត់និងចូលរួមប្រកួតកីឡា ដូចជនមានពិការភាពដទៃៗទៀត និងជនមិនមានពិការភាពផងដែរ។នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល កម្ពុជា ដល់ជនមានពិការភាពគ្រប់ប្រភេទ និងជាការរួមចំណែកក្នុងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់ សិទ្ធិជនពិការកម្ពុជា។ឯកឧត្ដម បានអំពាវនាវដល់អនុគណៈកម្មាធិការស៉្បេសស្យាល់អូឡាំពិក រាជធានី ខេត្ត ក៏ដូចជាអង្គការ សមាគមនានា ដែលគ្រប់គ្រងផ្ទាល់ជួយដល់ជនពិការខ្សោយសតិបញ្ញា សូមយកចិត្តទុកដាក់បីបាច់ថែរក្សា និងផ្តល់ឱកាសឲ្យ ពួកគាត់បានហ្វឹកហាត់ និងចូលរួមការប្រកួតនានាដែរ ។
សូមបញ្ជាក់ថា ការប្រគួតកីឡានេះ មានវិញ្ញាសារ កីឡាអត្តពលកម្ម កីឡាបាល់ទាត់យូនីហ្វាយ កីឡាប៊ូលយូនីហ្វាយ មកពីខេត្ដកំពង់ធំនិងខេត្ដសៀមរាប ទាំងប្រតិភូកីឡា និង គណៈកម្មការបច្ចេកទេស និង អណាព្យាបាលប្រមាណ ១៨៧នាក់ ៕