រាជធានីភ្នំពេញ ៖

បុរសជនជាតិចិនម្នាក់ បានបើករថយន្តម៉ាក តូយ៉ូតាព្រូស១គ្រឿង តាមគន្លងផ្លូវទី២ ខណៈនោះក៏មានរថយន្តដឹកសំរាម១គ្រឿង បើកពីក្រោយតាមគន្លងផ្លូវទី១ អែបទ្រូងផ្លូវ ក្នុងទិសដៅស្របគ្នា។ ក្រោយមក រថយន្តព្រូសបានបត់ឆ្វេង ហើយរថយន្តដឹកសំរាម ក៏បានទៅដល់ល្មម ទើបរថយន្តព្រូស បានបុកពីក្រោយរថយន្តដឹកសំរាមខាងលើពេញទំហឹង បណ្ដាលឲ្យរងការខូចខាតខ្ទេចមុខខ្លួនឯងយ៉ាងដំណំ និងជ្រុះកាងធ្លាក់លើថ្នល់តែម្ដង ប៉ុន្តែពុំបានបណ្ដាលឲ្យបុរសជនជាតិចិន ដែលជាអ្នកបើកបររថយន្តព្រូស រងរបួសនោះឡើយ ។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០ទីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ថានៅមុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់បើករថយន្តម៉ាក តូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BS-6853 មួយគ្រឿង ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីត្បូងទៅជើងតាមគន្លងផ្លូវទី២ ។ ខណៈនោះក៏មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ3F-1936 ដែលជារថយន្តដឹកសំរាម បើកបរក្នុងទិសដៅស្របគ្នាតាមគន្លងផ្លូវទី១ អែបទ្រូងផ្លូវ ផងដែរ ។

លុះពេលទៅដល់ចំណុចកើតហេតុ រថយន្តព្រូស បានបន្ថយល្បឿនបត់ឆ្វេង ហើយស្របពេលនោះរថយន្តដឹកសំរាមបានទៅដល់ដែរ និងមិនទាន់ទៅផុតផង ក៏ត្រូវរថយន្តព្រូសជ្រុលទៅបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតខ្ទេចមុខខ្លួនឯងយ៉ាងដំណំ ជ្រុះកាងធ្លាក់លើថ្នល់តែម្ដង ប៉ុន្តែពុំបានបណ្ដាលឲ្យអ្នកបើករថយន្តព្រូសនោះរងរបួសឡើយ ។ ក្រោយពេលកើតហេតុ នគរបាលមូលដ្ឋានបានចុះទៅដល់ រួចបានឲ្យភាគីទាំង២ សម្របសម្រួលគ្នាបញ្ចប់រឿងដោយជនជាតិយករថយន្តទៅជួលជុលឡើងវិញដោយខ្លួនឯង ៕