ភ្នំពេញ ៖

រថយន្តដឹកដែក១គ្រឿង បើកឆ្លងផ្លូវ ត្រូវម៉ូតូហុងដាឌ្រីមជិះដោយបុរសជាអ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ បានជិះជ្រុលទៅបុក បណ្តាលឲ្យដួលម៉ូតូ រងរបួសធ្ងន់ ចំណែក រថយន្ដព្យាយាមបើករត់គេច តែត្រូវពលរដ្ឋឃើញហេតុការណ៍ ជួយដេញឃាត់បានមកវិញ ។  ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ចំនុចស្តុបស្ថានទូតវៀតណាម ផ្លូវព្រះមុនីវង្សកែងផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន  ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញរថយន្តប្រភេទកូរ៉េដឹកដែកមួយគ្រឿង ម៉ាកហ៊ីយាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3F5372 ជិះដោយបុរស៣នាក់ទាំងបើកបរ បានធ្វើដំណើរតាមបណ្ដោយផ្លូវ ៤៣៦ ទិសដៅទិសដៅពីកើតទៅលិច។ លុះមកដល់ចំនុចកើតហេតុ ក៏បានឆ្លងកាត់ទទឹងផ្លូវ បញ្ឆិតឡើងទៅផ្លូវ ៤៣២ ហើយគាប់ជួនពេលនោះដែរ ក៏ស្រាប់តែបុរសម្នាក់ជាអ្នកដឹកជញ្ជួនម្ហូបអាហារ របស់ក្រុមហ៊ុន EGET បានជិះម៉ូតូម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1M 0333 បានជិះបោះពួយតាមបណ្ដោយផ្លូវ ព្រះមុនីវង្សទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន៏ក៍ជ្រុលទៅបុកនិងរថយន្តចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូខ្ទេចស្រុញផ្នែកខាងមុខ ព្រមទាំងធ្វើឲ្យអ្នកបើកម៉ូតូ រងរបួសចុកឆ្អល់ និងរយះជើងខាងឆ្វេង ត្រូវបានដឹកតាមម៉ូតូ យកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ភ្លាមៗផងដែរ ។ 

ដោយឡែក ខាងរថយន្តវិញ រងការខូចខាតកាងដែកចំហៀងខាងស្តាំ ហើយភា្លមៗនោះអ្នកបើកបរ បានបើករថយន្តគេចចេញពីកន្លែងកើតហេតុ រហូតដល់ចំនុចផ្លូវ១៦៣ ជិត ស្តុបទួលទំពូង ខណ្ឌបឹងកេងកង ក៏ត្រូវពលរដ្ឋឃើញហេតុការណ៍ ជួយដេញឃាត់បានទាំងរថយន្តនិងអ្នកបើកបរ ប្រគល់ឲ្យសមត្ថកិច្ចយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្របែក រង់ចាំប្រគល់ឲ្យជំនាញចរាចរណ៍ជាបន្ត ៕