បេក្ខភាពតែមួយគត់របស់កម្ពុជា គឺកីឡាករមានពិការភាព វ៉ាន វ៉ុន បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ថា ខ្លួននឹងប្រឹងប្រែងធ្វើឱ្យបានល្អបំផុត ដោយរក្សាសិទ្ធផលចាស់ ក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ ឬអាចបំបែកកំណត់ត្រាថ្មីមួយដើម្បីកិត្តិយសជាតិ ក្នុងការប្រកួតប៉ារ៉ាឡាំពិក ទីក្រុងប៉ារីស ប្រទេសបារាំង (PARALYMPIC GAMES PARIS 2024) នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។

កីឡាករ វ៉ាន វ៉ុន បានលើកឡើងថា សម្រាប់ការប្រកួតប៉ារ៉ាឡាំពិក ទីក្រុងប៉ារីស គឺខ្លួនត្រូវប្រកួតកីឡាអត្តពលកម្ម លើវិញ្ញាសាប្រណាំងរទេះ ១០០ម៉ែត្រ។ ការប្រកួតកីឡាប៉ារ៉ាឡាំពិក (PARALYMPIC GAMES PARIS 2024) គ្រោងនឹងប្រារព្ធពិធីបើកជាផ្លូវការ នាថ្ងៃទី២៨ ខែកញ្ញា និងពិធីបិទ នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤។ ចំពោះកីឡាករកម្ពុជា វ៉ាន វ៉ុន នឹងត្រូវប្រកួតនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១២:០៨ នាទី លើវិញ្ញាសាប្រណាំងរទេះជនពិការ ១០០ម៉ែត្រ ។

 ជាមួយគ្នានេះ លោក យី សុភ័ក្រ្តា គ្រូបង្វឹក និងជានាយរងបេសកកម្មប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជាបានអះអាងថា បើទោះបីជាកីឡាករមានពិការភាពកម្ពុជា វ៉ាន វ៉ុន ទទួលបានសិទ្ធិចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិកក្តី ក៏សិទ្ធិអនុគ្រោះនេះក៏នឹងអាចឈ្នះមេដាយដូចអត្តពលិកឆ្លងកាត់វគ្គជម្រុះបានដូចគ្នា ប្រសិនបើយើងធ្វើបានល្អដល់កម្រិតមេដាយនោះ។ លោក យី សុភ័ក្ត្រា គូសបញ្ជាក់ថា សម្រាប់ការចូលរួមប្រកួតប៉ារ៉ាឡាំពិកហ្គេមនេះ គឺមិនមានការបែងចែករវាងអត្តពលិកឆ្លងកាត់វគ្គជម្រុះ ឬ អត្តពលិកទទួលបានសិទ្ធិអនុគ្រោះពីគណៈកម្មាធិការប៉ារ៉ាអន្តរជាតិនោះទេ ។

បញ្ជាក់បន្ថែមពីលើនេះ នាយរងបេសកកម្មរូបនេះពន្យល់ទៀតថា រវាងកីឡាករទទួលបានសិទ្ធិអនុគ្រោះ និងកីឡាករដែលជាប់វគ្គជម្រុះ គឺមានសិទ្ធិស្មើគ្នា បើគាត់លេងបានដល់កម្រិតមេដាយមាស គឺទទួលបានមាស បើអ្នកណាលេងបានដល់កម្រិតមេដាយប្រាក់ គឺទទួលបានមេដាយប្រាក់។ ជារួម គឺកីឡាករ ម្នាក់ឱ្យតែបានចូលទៅក្នុងការប្រកួត គឺមានសិទ្ធិស្មើមុខស្មើមាត់ ដោយបេក្ខជនម្នាក់ គឺជាបេក្ខជនផ្លូវការរបស់ប្រទេសជាតិ ហើយគណៈកម្មាធិការអន្តរជាតិ នៅតែគោរពគោលការណ៍បែបនេះ ៕