ខ្សែការពារ កាន់ ម៉ូ ដែលគ្រប់គ្នាស្គាល់ឈ្មោះថា ខាន់ មហាមេត ជាកីឡាករសញ្ជាតិដើមអាហ្វ្រិកខាងត្បូង បង្ហាញការតាំងចិត្តធ្វើយ៉ាងណាជួយក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា យកឈ្នះក្រុមស្រីលង្កាក្នុងការប្រកួតជម្រុះ AFC Asian Cup ឆ្នាំ ២០២៧ ។
ខ្សែការពារមកពីក្លិប វិសាខា កាន់ ម៉ូ ដែលទើបទទួលបានសញ្ជាតិខ្មែរ ទទួលបានការកោះហៅចូលក្រុមជម្រើសជាតិឈុតធំលើកដំបូងចំណោមសមាជិកទាំង២៤រូប ដើម្បីប្រមូលផ្តុំហ្វឹកហាត់ត្រៀមការប្រកួតជម្រុះ AFC Asian Cup ទល់ក្រុមស្រីលង្កា ចំនួន២ជើង។ ជំនួបជើងទី១ នឹងធ្វើឡើងនៅកីឡដ្ឋានអន្តរជាតិ របស់ប្រទេស ស្រីលង្កា នៅថ្ងៃទី៥ ខែកញ្ញា វេលាម៉ោង ៣ និង៤៥ នាទីល្ងាច (ម៉ោងនៅកម្ពុជា) រីឯជើងទី២ នៅកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១០ ខែកញ្ញា វេលាម៉ោង ៧យប់ ។
ក្នុងជំរំហ្វឹកហាត់លើកដំបូង ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Felix Delmas ខ្សែការពារ កាន់ ម៉ូ បង្ហាញអារម្មណ៍រីករាយជាមួយសមាជិក និងជំរុញការប្រឹងប្រែងរបស់ខ្លួនធ្វើយ៉ាងណាជួយក្រុមកម្ពុជាយកឈ្នះស្រីលង្កាឱ្យបាន ។
កាន់ ម៉ូ ដែលមានឈ្មោះដើម Khan Mohammed Faeez និងសញ្ជាតិដើមអាហ្វ្រិកខាងត្បូង ជាកីឡាករបរទេសទី៤ហើយ ដែលទទួលបានសញ្ជាតិខ្មែរ ក្រោយប្រកបអាជីពនៅលីគកម្ពុជារយៈពេលច្រើនឆ្នាំ បន្ទាប់ពីកីឡាករដើមកំណើតជប៉ុន យូឌៃ អូកាវ៉ា របស់ភ្នំពេញក្រោន កីឡាករ Privat Mbarga ដើមកំណើតកាមេរូន និង កីឡាករ មីហ្ស៊ូណូ ហ៊ីការ៉ុ សញ្ជាតិដើមជប៉ុន របស់ព្រះខ័នរាជស្វាយរៀង ។
ចំណែកការប្រកបអាជីពក្នុងវិស័យកីឡាបាល់ទាត់កម្ពុជាលើកដំបូង កាន់ ម៉ូ លេងឱ្យក្រុមទ័ព Tiffy Army នៅឆ្នាំ ២០១៩ មុនផ្លាស់ទៅចូលរួមជាមួយក្លិប វិសាខានៅឆ្នាំ ២០២០ រហូតដល់សព្វថ្ងៃ ។