កាលពីថ្ងៃអង្គារ ទី20 ខែសីហា សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើអតីតប្រធានាធិបតីប្រទេសហៃទី គឺលោក ចូស៊េប ម៉ាតថេលី (Michel Joseph Martelly) ជុំវិញការជួញដូរគ្រឿងញៀន និងចោទប្រកាន់រូបលោកថាជាអ្នកបង្កវិបត្តិដែលកំពុងបន្តនៅក្នុងប្រទេស។ 

នៅក្នុងសេចក្តីថ្លែងការណ៍ សហរដ្ឋអាមេរិកបានបញ្ជាក់ថា លោក ម៉ាតថេលី បានប្រើប្រាស់អំណាចរបស់លោក ដើម្បីជួយសម្រួលដល់ការជួញដូរគ្រឿងញៀន រួមទាំងកូកាអ៊ីន មកកាន់សហរដ្ឋអាមេរិក លោកក៏បានធ្វើការជាមួយក្រុមអ្នកជួញដូរគ្រឿងញៀន ឧបត្ថម្ភក្រុមឧក្រិដ្ឋជន និងចូលរួមលាងលុយកខ្វក់ដែលទទួលបានពីការជួញដូរគ្រឿងញៀន ហើយសហរដ្ឋអាមេរិក បានសម្រេចបង្កកទ្រព្យសម្បត្តិ និងរារាំងរូបលោកក្នុងការធ្វើជំនួញជាមួយជនជាតិអាមេរិក។ គួរបញ្ជាក់ផងដែរថា វិបត្តិនៅក្នុងប្រទេសហៃទី បានបង្កឲ្យប្រជាជនប្រមាណ 578.000 នាក់ភៀសខ្លួន ប្រមាណ 5 លាននាក់ ដែលស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនសរុប 11.7 លាននាក់របស់ប្រទេសនេះ កំពុងប្រឈមនឹងវិបត្តិស្បៀងអាហារ ។