ប្រទេសឥណ្ឌា និងជប៉ុនបានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារទី20 ខែសីហា ដើម្បីពង្រឹងទំនាក់ទំនងការពារជាតិ និងសន្តិសុខ និងគាំទ្រ "ចក្ខុវិស័យយុទ្ធសាស្ត្ររួម" អំពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ជាតំបន់មួយដែលប្រទេសទាំងពីរមានបញ្ហាក្នុងទំនាក់ទំនងជាមួយប្រទេសចិន។

រដ្ឋមន្ត្រីការបរទេស និងការពារជាតិនៃប្រទេសទាំងពីរ បានជួបពិភាក្សាគ្នាក្រោមអ្វីដែលគេហៅថា កិច្ចសន្ទនា 'ឥណ្ឌា-ជប៉ុន 2+2' ដែលធ្វើឡើងនៅទីក្រុង ញូវដេលី ប្រទេសឥណ្ឌាដែលជាទំនាក់ទំនងទ្វេភាគីលើកទីបីក្នុងរយៈពេលប្រាំឆ្នាំនេះ។

រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានពិភាក្សាគ្នាអំពីវឌ្ឍនភាពលើការផ្ទេរអង់តែនទំនាក់ទំនងនាវាចម្បាំង និងបច្ចេកវិទ្យាពាក់ព័ន្ធពីប្រទេសជប៉ុនទៅកាន់ប្រទេសឥណ្ឌា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមមួយ។

ទំនាក់ទំនងសេដ្ឋកិច្ចនិងនយោបាយរវាងឥណ្ឌានិងជប៉ុនមានការរីកចម្រើន។ ប្រជាជាតិទាំងនេះគឺជាផ្នែកមួយនៃក្រុមសន្តិសុខ ខ្វត់(Quad) ជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលី ដែលត្រូវបានគេមើលឃើញថា ជាការប្រឆាំងទៅនឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់។

កាលពីឆ្នាំមុន ប្រទេសជប៉ុននិងឥណ្ឌា ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី3 និងទី5 របស់ពិភពលោក បានចាប់ផ្តើមមូលនិធិរួមគ្នាមួយ ដែលមានទឹកប្រាក់ចំនួន 600 លានដុល្លារសម្រាប់គម្រោងបញ្ចេញកាបូនទាប។ ពាណិជ្ជកម្មទ្វេភាគីមានតម្លៃ 22.85 ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ 2023/2024៕