ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានណែនាំឱ្យបណ្តាក្លិបទាំងអស់ចាប់ផ្តើមយកចិត្តទុកដាក់ដោយសម្លឹងជ្រើសរើសរកយុវជនថ្នាលវ័យក្មេងដែលមានសមត្ថភាពមកបណ្តុះបណ្តាល ដើម្បីទទួលបានការអភិវឌ្ឍសមត្ថភាពប្រជែងដណ្តើមមេដាយជូនកម្ពុជាពីព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៥ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៩។ អគ្គលេខាធិការ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានណែនាំ នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៩ ឆ្នាំ២០២០-២០២៤ និងបន្តអាណត្តិទី១០ ឆ្នាំ២០២៤-២០២៨ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា ការប្រកួតយុវជនអាស៊ី នាឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺគេកំណត់យកត្រឹម៣ប្រភេទអាយុប៉ុណ្ណោះ មានអាយុក្រោម១៩ឆ្នាំចុះក្រោម ១៨ឆ្នាំ និង១៧ឆ្នាំ ។ដូច្នោះហើយ កម្មវិធីអភិវឌ្ឍកីឡាការ៉ាតេវ័យក្មេងអាចធ្វើឱ្យជោគជ័យទៅបានអាស្រ័យដោយគ្រូបង្វឹក ប្រធានក្លឹបទាំងអស់ជួយរៀបចំកម្មវិធីនេះឡើងព្រមគ្នា ក្នុងគោលដៅធ្វើយ៉ាងណាប្រមូលកីឡាករ កីឡាការិនីរបស់វ័យក្មេងចូលហ្វឹកហាត់ឱ្យបានច្រើន និងត្រូវចម្រាញ់យកធនធានកីឡាករ កីឡាការិនីដែលមានទេពកោសល្យ និងគុណភាពល្អៗ ចេញពីក្នុងចំណោមពួកគេ ដើម្បីប្រមូលផ្តុំហ្វឹកហាត់ឱ្យក្លាយជាក្រុមជម្រើសជាតិ ។
ឯកឧត្តម សង្កត់ធ្ងន់ថា នេះគឺជាយុទ្ធសាស្ត្រសំខាន់ ក្នុងអាណត្តិថ្មីទី១០ ឆ្នាំ២០២៤-២០២៨របស់យើង គឺផ្តោតសំខាន់គឺកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។បើយើងក្រឡេកមកមើលពេលបច្ចុប្បន្នកីឡាករកីឡាការិនីឆ្នើមៗរបស់យើងមានវ័យចាស់ៗហួសអាយុអស់ទៅហើយ។ ដូច្នេះ សហព័ន្ធកីឡាការ៉េតេកម្ពុជាស្វែងរកយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀត គឺយើងត្រូវការអ្នកបន្តវេន និងត្រូវការមូលដ្ឋាននៃការអភិវឌ្ឍកីឡាការ៉េតេប្រកបដោយចីរភាព និងគុណភាព។ ហេតុដូចនេះហើយ ការអភិវឌ្ឍប្រកបដោយចីរភាព និងគុណភាពនេះ ត្រូវមានការចូលរួមទាំងអស់គ្នា ក្លិប និងលោកគ្រូ អ្នកគ្រូផងដែរដោយរួមសាគ្គីភាព សុខដុមនីយកម្មជាមួយគ្នា ក្នុងនាមជាគ្រួសារការ៉ាតេ ដើម្បីជំរុញដលដំណើរការអភិវឌ្ឍជំនាញកីឡានេះឱ្យកាន់តែរីកចម្រើន ក្រោមសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិរបស់យើង ។
គួរបញ្ជាក់ថា មហាសន្និបាតបញ្ចប់អាណត្តិទី៩ ឆ្នាំ២០២០-២០២៤ និងបន្តអាណត្តិទី១០ ឆ្នាំ២០២៤-២០២៨ ត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី២៨ និង២៩ ខែសីហា ដោយថ្ងៃទី២៨មានការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធអាណត្តិថ្មី និងបង្ហាញរបាយការណ៍សមិទ្ធផល ដែលទទួលបាននៅក្នុងអាណត្តិចាស់ផងដែរ ៕