រាជធានីភ្នំពេញ៖
សិស្សស្រី២នាក់បានជិះម៉ូតូ១គ្រឿងឌុបគ្នាឆ្លងផ្លូវ ហើយបានប៉ះគ្នាជាមួយម៉ូតូ១គ្រឿងទៀតបណ្ដាលឲ្យដួល ស្របពេលនោះ រថយន្តសណ្ដោងធុនធំ១គ្រឿង ម៉ាកហុីយ៉ានដាយរបស់កងដឹកជញ្ជូនHC បើកបរក្នុងល្បឿនលឿនទៅដល់ក៏បានបុកនិងកិនទាំងមនុស្សនិងម៉ូតូ បណ្ដាលឲ្យស្លាប់នៅក្រោមរថយន្តទាំង២នាក់តែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣៥នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ មុខផ្សារកំបូល ក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះម្នាក់ឈ្មោះញ៉ឹក សុភាស់បូទី អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី៧រៀននៅសាលាអនុវិទ្យាល័យកំបូល មានស្រុកកំណើតនៅខេត្តស្វាយរៀង និងស្នាក់នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល ។ ចំណែកម្នាក់ទៀតឈ្មោះចាប មរកត អាយុ១៤ឆ្នាំ រៀនថ្នាក់ជាមួយគ្នា មានទីលំនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ។
រីឯរថយន្តដែលកិនមនុស្សស្លាប់ខាងលើ ម៉ាកហុីយ៉ានដាយពណ៍ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ឆ្នាំ3A-2062 ជារថយន្តរបស់កងដឹកជញ្ជូនHC ហើយអ្នកបើកបរ ត្រូវបានសមត្ថកិច្ចឃាត់បាន បន្ទាប់មកបាននាំយកទៅកាន់ប៉ុស្តិ៍កំបូលដែលស្ថិតនៅជិតនោះ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់នេះជិះម៉ូតូ១គ្រឿងម៉ាកSuzuki Nex ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1IN-2280 ឌុបគ្នាឆ្លងផ្លូវជាតិលេខ៤ ក្នុងទិសដៅពីជើងទៅត្បូង ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុក៏បានប៉ះគ្នាជាមួយម៉ូតូមិនចាំម៉ាក១គ្រឿងទៀតបណ្ដាលឲ្យដួល ហើយស្របពេលនោះរថយន្តសណ្ដោងកងដឹកជញ្ជូនHC បើកបរលឿនក្នុងទិសដៅពីលិចទៅកើត ទៅដល់កិនទាំងមនុស្សនិងម៉ូតូ បណ្ដាលឲ្យស្លាប់ទាំង២នាក់ក្រោមរថយន្តនោះតែម្ដង ។
ប្រភពដដែលបានឲ្យដឹងបន្តថា ក្រោយពេលកើតហេតុអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់បាន បន្ទាប់មកបាននាំយកទៅកាន់ប៉ុស្តិ៍កំបូលដែលស្ថិតនៅជិតនោះ ដើម្បីប្រគល់ជូននគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះទាំង២នាក់ត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕