រាជធានីភ្នំពេញ ៖ 

ជនបែកថ្នាំម្នាក់ដែលកន្លងមក ធ្លាប់ចូលមណ្ឌលកែប្រែនិងធ្លាប់ជាប់ពន្ធនាគារ ផងនោះ បានគំរាមចាក់សម្លាប់ម្ដាយបង្កើតរបស់ខ្លួន ទើបក្រុមគ្រួសារបានទូរស័ព្ទសុំអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍បឹងកេងកង២ ។ 

លុះពេលនគរបាលទៅដល់ ស្រាប់តែជននេះ ដេញចាក់នគរបាលម្នាក់ បណ្ដាលឲ្យរបួសធ្ងន់ដួលដេកលើផ្លូវ បន្ទាប់មក ដណ្ដើមយកកាំភ្លើងខ្លីបាន១ដើម រួចបាញ់រះទៅលើនគរបាលផ្សេងទៀត ទើបនគរបាលប្រើសិទ្ធិការពារខ្លួនបាញ់តបតវិញ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ដោយឡែក មន្រ្តីនគរបាលម្នាក់ដែលរបួសធ្ងន់នោះបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។ 

ចំណែករថយន្តមួយគ្រឿងម៉ាក Ford Everest ដែលម្ចាស់ចតនៅជិតកន្លែងកើតហេតុនោះ ក៏ត្រូវគ្រាប់កាំភ្លើង បណ្ដាលឲ្យរងការខូចខាតដំបូលផងដែរ ។ ហេតុការណ៍ខាងលើនោះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅលើផ្លូវលេខ៣០៤ ស្ថិតនៅក្នុងសង្កាត់ បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ 

ជនដៃដល់ខាងលើ ឈ្មោះ ជលា ហៅ ផល អាយុប្រមាណជាង២០ឆ្នាំ ស្នាក់នៅជិតកន្លែងកើតហេតុ ហើយកន្លងមក ជននេះធ្លាប់ចូលមណ្ឌលកែប្រែនិងធ្លាប់ជាប់ពន្ធនាគារផងដែរ ។ ចំណែកជនរងគ្រោះដែលត្រូវជនបែកថ្នាំចាក់សម្លាប់នោះ ឈ្មោះ សៅ រក្សា អាយុ៣០ឆ្នាំ ជាមន្ត្រីបុស្តិ៍នគរបាលបឹងកេងកង២ មានឋានន្តរស័ក្តិ អនុសេនីយ៍ទោ ។

តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុ ជនបែកថ្នាំរូបនោះ បានធ្វើសកម្មភាពអុកឡុកក្នុងផ្ទះនិងបានយកកាំបិតចុងស្រួច១ដើម គំរាមចាក់សម្លាប់ម្តាយរបស់ខ្លួននិងបង្កការភ័យខ្លាចយ៉ាងខ្លាំងដល់ក្រុមគ្រួសារ។ ដោយសារតែខ្លាចជននោះ ចាក់សម្លាប់ម្ដាយ ទើបក្រុមគ្រួសារទូរស័ព្ទទៅជនរងគ្រោះដែលជាមន្រ្តីនគរបាលប៉ុស្តិ៍បឹងកេងកង២ ដើម្បីសុំឲ្យជួយអន្តរាគមន៍ ។

លុះពេលជនរងគ្រោះជាមន្ត្រីនគរបាល ទៅដល់ចំណុចកើតហេតុ ក៏ស្រាប់តែជនសង្ស័យដេញចាក់ បណ្ដាលឲ្យរងរបួសធ្ងន់ដួលដេកទៅលើផ្លូវ បន្ទាប់មក ជនដៃដល់ បានយកកាំភ្លើងខ្លីម៉ាកK59 មួយដើម ពីនគរបាលរងគ្រោះខាងលើ កាន់ដើរស្រែកឡូឡាពេញដងផ្លូវ ។ 

ក្រោយមក កម្លាំងនគរបាលច្រើននាក់ទៀត បានចុះទៅអន្តរាគមន៍បន្ថែម ហើយជនដៃដល់ ក៏បាញ់ស្រោចជាច្រើនគ្រាប់ទៅលើសមត្ថកិច្ចនគរបាល ទើបសមត្ថកិច្ចនគរបាលប្រើសិទ្ធិការពារខ្លួន បាញ់តបតវិញ បណ្ដាលឲ្យត្រូវជនជនដៃដល់រូបនោះ ដួលផ្កាប់មុខ ស្លាប់បាត់បង់ជីវិតភ្លាមៗតែម្ដង ៕