ខេត្តតាកែវ ៖
ក្រោយនាំគ្នាហូបចុកស្រាថ្នាំមួយសន្ទុះ ក្នុងចំណោមគ្នីគ្នា៦នាក់ មាន៣នាក់មានអាការៈមិនស្រួលខ្លួនក្អួតចង្អោរ រហូតស្ទះខ្សល់ស្លាប់ សមត្ថកិច្ចដាក់ការសង្ស័យពុលស្រាថ្នាំ ខណៈពេលមនុស្ស៣នាក់ទៀត ត្រូវបានជួយសង្គ្រោះពីសំណាក់គ្រូពេទ្យ ។
តាមការបញ្ជាក់ពីលោកវរៈសេនីយ៍ទោ កម សេម អធិការនគរបាលស្រុកទ្រាំង បានឲ្យដឹងថាជនរងគ្រោះទាំង៦នាក់ បាននាំគ្នាហូបស្រាថ្នាំកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ហើយ មានអាការៈក្អួតចង្អោរ ពិបាកដកដង្ហើម និងបានស្លាប់ជាបន្តបន្ទាប់គ្នានៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤។ លោកអធិការស្រុកទ្រាំង បន្តថាជនរងគ្រោះទាំង៣នាក់ មាន៖ ទី១ឈ្មោះ គឹម សុខលាង ភេទប្រុស អាយុ៤០ឆ្នាំ ស្លាប់នៅវេលាម៉ោង២២និង០០ថ្ងៃទី១៨។ ទី២ឈ្មោះ ហ៊ឹម ទិត្យ ភេទប្រុស អាយុ៣៨ឆ្នាំ ស្លាប់នៅវេលាម៉ោង៦និង៣០ព្រឹកថ្ងៃទី១៧ និង ទី៣ឈ្មោះ ងឹម ភា ភេទប្រុស អាយុ៥១ឆ្នាំ ស្លាប់នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៧ ។
ក្រោយមានករណីនេះកើតឡើង សមត្ថកិច្ចស្រុកទ្រាំង ដោយមានការសម្របសម្រួសនីតិវិធីពីលោក ឯក ឆេតហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែវ បានធ្វើការចុះឃាត់ខ្លួនស្ត្រីដែលជាអ្នកលក់ស្រាថ្នាំ ឈ្មោះ ងិន ណាន់ អាយុ៤២ឆ្នាំ និងកូនប្រុសឈ្មោះ ញ៉ សុវណ្ណរ៉ា អាយុ២៤ឆ្នាំ ដើម្បីសាកសួរ។ ដោយឡែក ស្រាថ្នាំកន្លះធុងប៉េត្រូ និងថ្នាំខ្មែរ២ថង់ ត្រូវបានដកហូតប្រគល់ឲ្យកម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ពិនិត្យបន្តតាមនីតិវិធី ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថានៅក្នុងស្រាថ្នាំដែលជនរងគ្រោះទាំង៦នាក់នោះផឹក មានផ្ទុកសារធាតុមេតាណុលកម្រិត១៥% ដែលធ្វើឲ្យពុលស្លាប់ ដែលកម្រិតមិនពុលនោះ មិនត្រូវលើសពី០.១%(សូន្យកន្តក់សញ្ញា១ភាគរយ) ៕