បន្ទាយមានជ័យ​ ៖​

ឈ្មួញលួចដឹកចុងស្លាបមាន់បង្កកចំនួន ២០០កេស ស្មើនិង ២៤០០គីឡូក្រាមតាមរថយន្ត១គ្រឿង ត្រូវបានសមត្ថកិច្ចចំរុះ មាន៖ផលិតកម្ម និងបសុព្យាបាលខេត្ត បានសហការជាមួយអគ្គនាយកដ្ឋានគយបង្រ្កាបអំពើរត់ពន្ធតំបន់៥ ចុះចាប់បាននៅវេលាម៉ោង១ ថ្ងៃត្រង់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្នុងចំណុច ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល បានឲ្យដឹងថា ក្រោយពីធ្វើការដកហូតចុងស្លាបមាន់បង្កកចំនួន២០០កេស ស្មើនិង២៤០០គីឡូក្រាម រួចមក តាមចម្លើយម្ចាស់ទំនិញឈ្មោះ ឈិន សុខាន់ បានប្រាប់ឲ្យដឹងថា ចុងស្លាបមាន់បង្កក ២០០កេសនេះ ខ្លួនបានលួចនាំចូលពីប្រទេសថៃ បង្កប់ដឹកតាមរថយន្តស៉ាំយ៉ុង យកមកលក់ឲ្យឈ្មួញដើម្បីបន្តលក់ចែកចាយ ក្នុងផ្សារខេត្តបន្ទាយមានជ័យ ។

ក្រោយធ្វើកំណត់ហេតុរួច សមត្ថកិច្ចចំរុះបានឲ្យម្ចាស់ទំនិញ វត្ថុតាងខាងលើ ផ្តិតមេដៃ ឈប់បន្តទិញផលិតកម្មសាច់បង្កកដែលគ្មានគុណភាពបន្តទៀត។ ចំណែកផលិតផលសាច់មាន់ចំរុះដែលរឹបអូសបានចំនួន ២០០កេស ស្មើនិង ២.៤០០គីឡូក្រាមនោះ សមត្ថកិច្ចចម្រុះ បានយកទៅដុតកំទេចចោលនៅចំណុចដីឡូតិ៍ភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃដដែល ៕