រាជធានីភ្នំពេញ ៖ 

ស្រ្ដីម្នាក់បើកបររថយន្តដឹកកូនឈឺ យកទៅពេទ្យ បានរេចង្កូតធ្លាក់ចូលប្រឡាយទឹក ត្រូវបានពលរដ្ឋឃើញ នាំគ្នាជួយសង្រ្គោះ ទាញយកម្ដាយនិងកូនៗមកខាងលើភ្លាម ៗ មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតនោះទេ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧និង២៥នាទីយប់ថ្ងៃទី២០ខែសីហាឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ទល់មុខនិងក្លោងទ្វារវត្ត ស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ 

ប្រភពព័ត៌មានពីស្រ្តីម្ចាស់រថយន្តម៉ាកតូយ៉ូតាប្រូស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2BX-2539 ខាងលើ បានឲ្យដឹងថានៅមុនពេលកើតហេតុ ខ្លួន បានបើករថយន្តចេញពីផ្ទះដឹកកូនដែលឈឺក្ដៅខ្លួន យកទៅពេទ្យ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ពីលិចទៅកើត។ លុះមកដល់ចំណុចខាងលើ ដោយបារម្ភពីកូនពេក ក៏ងាកមកមើលកូនទើបបណ្ដាលឲ្យរថយន្ត រេចង្កូតទៅធ្លាក់ចូលប្រឡាយទឹកមួយកំណាត់មុខតែម្ដង ។

ភ្លាមៗនោះដែរ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ឃើញដូច្នេះ បាននាំស្ទុះស្ទា រត់ទៅជួយសង្គ្រោះបឋម បើកទ្វាររថយន្ត ទាញយកជនរងគ្រោះជាម្ដាយនិងកូនៗពីរនាក់ មកខាងលើភ្លាមៗ ដោយមិនមានអ្នករងរបួសនោះទេ ។ បន្ទាប់មក នគរបាលមូលដ្ឋានបានចុះទៅដល់ សួរនាំនិងពិនិត្យមើលឃើញថាមិនមានប៉ះពាល់ដល់អ្នកដទៃ ក៏ឲ្យម្ចាស់រកដំណោះស្រាយខ្លួនឯងដើម្បីយករថយន្ត ចេញមកខាងលើ។ 

បច្ចុប្បន្ន រថយន្តរងគ្រោះខាងលើ ត្រូវម្ចាស់ទាក់ទងហៅរថយន្តស្ទួចឡើងមកខាងលើ រួចបើកចេញត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព មិនមានខូចខាតអ្វីនោះទេ ៕