រាជធានីភ្នំពេញ ៖ 

ក្បាលរថយន្តសម្រាប់សណ្ដោងទូកុងតឺន័រ១គ្រឿង ខណៈបើកចេញចេញពីផែស្ងួត អូល័រ វើលវ៉ាយ ឆ្លងផ្លូវ ក៏បានជ្រុលទៅបុកនិងកិនម៉ូតូ១គ្រឿង បណ្ដាលឲ្យរងការខូចខាត ហើយ សំណាងខ្លាំងណាស់ ដោយពេលនោះបុរសដែលជាអ្នកជិះម៉ូតូខាងលើខ្ទាតចេញផុតពីកង់រថយន្ត និងគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចច្រកចូលក្រុមហ៊ុនផែស្ងួតអូល័រវើលវ៉ាយ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រថយន្តបង្កខាងលើ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3E-3892 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ ចំណែកម៉ូតូរងគ្រោះ ម៉ាកHonda Zoomer-X ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FP-3641 បើកបរដោយបុរសម្នាក់ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ រថយន្តបង្កខាងលើបានបើកបរធ្វើដំណើរចេញពីច្រកផ្លូវក្រុមហ៊ុនផែស្ងួត អូល័រវើលវ៉ាយ ក្នុងទិសដៅពីត្បូងទៅជើង ឆ្លងផ្លូវជាតិលេខ៤។ ស្របពេលនោះ ម៉ូតូរងគ្រោះ បានបើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតទៅដល់ ក៏ត្រូវបានរថយន្តខាងលើ បុកនិងកិនជាប់ក្រោមរថយន្ត បណ្ដាលឲ្យរថការខូចខាតយ៉ាងដំណំ។ ពេលនោះពិតជាសំណាងខ្លាំងណាស់ ដោយបុរសដែលជាអ្នកជិះម៉ូតូខាងលើ ខ្ទាតចេញផុតពីកង់រថយន្ត ហើយគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ។ ក្រោយពេលកើតហេតុ ភាគីទាំង២ បានសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង ប៉ុន្តែមិនទាន់ដឹងថា ត្រូវរ៉ូវគ្នាបែបណានោះឡើយ ៕