ខេត្តឧត្តរមានជ័យ ៖
រថយន្តសេរីទំនើបចំនួន២គ្រឿងអត់ពន្ធនាំចូលនិងប្រើប្រាស់នូវឯកសារក្លែងក្លាយ ត្រូវបានកម្លាំងកងរាជអាវុធហត្ថសហការជាមួយគយនិងរដ្ឋករខេត្ត ធ្វើការបង្ក្រាបបាន វេលាម៉ោង១៣និង០០នាទីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ក្នុងកិច្ចប្រតិបត្តិការនេះដែរ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចាត់កម្លាំងអាវុធហត្ថក្រុងសំរោង៥នាក់ រថយន្ត១គ្រឿង វិទ្យុទាក់ទង៣គ្រឿង អាវុធ១ដើម ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ខៀវ ផន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំរោង សហការជាមួយកម្លាំងគយនិងរដ្ឋករ ២នាក់ ដឹកនាំដោយលោក សែន សុខុម អនុប្រធានសាខាគយរដ្ឋករខេត្តឧត្តរមានជ័យ បានចុះឃាត់រថយន្តគេចពន្ឋគ្មានឯកសារគ្រប់គ្រាន់ ចំនួន០២គ្រឿង។
ម្ចាស់រថយន្តទាំង២គ្រឿងនោះ មានឈ្មោះហ៊ន់ សេងហួរ ភេទប្រុស អាយុ ២២ឆ្នាំមុខរបរ សិស្សនិស្សិត រស់នៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ រថយន្តទាំង២គ្រឿងនោះ មាន១គ្រឿង ម៉ាក GS 300 ពណ៌ទឹកមាស ស្លាក់លេខ ខ.ម 2 - 9319 សេរី ឆ្នាំ២០០៦។ រីឯ១គ្រឿងទៀត ម៉ាក Lexus RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW 8791។
លោកវរៈសេនីយ៍ត្រី ខៀវ ផន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំរោង បានប្រាប់ឲ្យដឹងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ថា ការឆ្មក់ចុះបង្ក្រាបឃាត់រថយន្តចំនួន២គ្រឿងស្ថិតនៅត្រង់ចំណុចខាងលើ ដោយម្ចាស់ បាននាំចូលមកប្រើប្រាស់ ខណ:នៅពេលព្យាយាមគេចពីសមត្ថកិច្ចនិងមិនមានឯកសារបញ្ជាក់ត្រឹមត្រូវ។
បច្ចុប្បន្ន រថយន្តទាំង០២គ្រឿងត្រូវបានយកមករក្សាទុកនៅសាខាគយនិងរដ្ឋករខេត្តឧត្តរមានជ័យ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕