ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បង្ហើបពីខ្ទង់ចំណាយ នៅអាណត្តិ ឆ្នាំចាស់

Sports • August 30, 2024
 ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បង្ហើបពីខ្ទង់ចំណាយ នៅអាណត្តិ ឆ្នាំចាស់

សហព័ន្ធកីឡាការ៉ាតេកម្ពុជា ចាយអស់ជាង ១លានដុល្លារអាម៉េរិក នៅអាណត្តិមុន ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៤។ នេះបើតាមការអះអាងរបស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ក្នុងឱកាសដែលឯកឧត្តម បន្តធ្វើជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា អាណត្តិថ្មីទី១០។ ប្រាក់ជាង១លានដុល្លារ បានចំណាយលើពការង្រឹងសមត្ថភាពបតាមណ្តាក្លិបជាសមាជិក ក្រុមអត្តពលិក និងការរៀបចំការប្រកួតផ្សេងៗ រួមទាំងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

មហាសន្និបាតបញ្ចប់អាណត្តិទី៩ ឆ្នាំ២០២០-២៤ ដែលធ្វើនៅសាលប្រជុំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ថ្ងៃទី២៩ ខែសីហា បណ្តាក្លិបការ៉ាតេជាសមាជិករបស់សហព័ន្ធចំនួន ៤៥ក្លិប បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បន្តធ្វើជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា នៅក្នុងអាណត្តិទី១០ ចាប់ពីឆ្នាំ ២០២៤-២០២៨។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានធ្វើសេចក្តីថ្លែងការណ៍ក្រោយការប្រកាសសមាសភាពគណៈកម្មាធិការប្រតិបត្តិសហព័ន្ធថ្មី ដោយលើកឡើងអំពីគោលដៅយុទ្ធសាស្ត្ររបស់សហព័ន្ធក្នុងអណត្តិថ្មី ការពង្រឹងសមត្ថភាពបណ្តាក្លិបការ៉ាតេ ក្រុមអត្តពលិក ការស្វែងរកកីឡាករថ្នាល់ថ្មីបន្ថែម ព្រមទាំងជំរុញឱ្យមានការផ្សព្វផ្សាយកាន់តែទូលាយពីកីឡាការ៉ាតេ។ លើសពីនេះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា នៅក្នុងអាណត្តិចាស់ ពោលពីឆ្នាំ ២០២០ ដល់ ២០២៤ សហព័ន្ធបានចំណាយប្រាក់លើស ១លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងលើវិស័យកីឡាការ៉ាតេនៅកម្ពុជា ។

តាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តមប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ថវិកាចំណាយទាំងអស់នោះ ទទួលបានពីការជួយគាំទ្រពីសំណាក់ក្រសួងអប់រំ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, គណៈកម្មាធិការរៀបចំកីឡាស៊ីហ្គេមកម្ពុជា និងមូលនិធិឧបត្ថម្ភដឹកនាំផ្ទាល់ដោយឯកឧត្តមប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ផ្ទាល់តែម្តង។ ទៅលើសមិទ្ធផលដែលសម្រេចបានអំឡុងអាណត្តិទី៩ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានបញ្ជូនក្រុមអត្តពលិកទៅចូលរួមកម្មវិធីការប្រកួតអន្តរជាតិជាច្រើន ហើយទទួលលទ្ធផលមេដាយសរុប ៥៥មេដាយ រួមមានមាសចំនួន ៤ ប្រាក់ ១១ និងសំរឹទ្ធ ៤០ ដោយឡែកសម្រាប់ថវិកាទ្រទ្រង់ប្រចាំឆ្នាំដើម្បីពង្រឹងសមត្ថភាពវិស័យកីឡាការ៉ាតេនៅកម្ពុជា ដែលបានមកពីក្រសួងពាក់ព័ន្ធនានា និងមកពីសហព័ន្ធផ្ទាល់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានចាត់ទុកថានៅមានកម្រិតនៅឡើយ មិនទាន់អាចឆ្លើយតបតាមតម្រូវការពេញលេញ ក្នុងការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសប្រភេទកីឡាការ៉ាតេនៅឡើយទេ ។

គួររំលឹកថាសម្រាប់គោលដៅយុទ្ធសាស្ត្រក្នុងអាណត្តិថ្មីនេះ សហព័ន្ធកីឡាការ៉ាតេកម្ពុជា នឹងបង្កើតកម្មវិធីពង្រឹងសមត្ថភាពទៅលើអត្តពលិកកីឡាការ៉ាតេវ័យក្មេង ដើម្បីជ្រើសរើសអត្តពលិកមានសមត្ថភាព ក្នុងការត្រៀមខ្លួនប្រកួតប្រជែងកីឡាយុវជនអាស៊ី លើកទី៥ ក្នុងឆ្នាំ ២០២៩ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ ៕


















x Enlarged Image