លោក ឆែម តារា ប្រធានសហព័ន្ធកីឡាបេស្បល-សូហ្វបលកម្ពុជាលើកឡើងថា ការប្រកួតកីឡាបេស្បល ហ្វាយលីគកម្ពុជា លើកទី១ ពីថ្ងៃទី២២-២៤ ខែសីហា ឆ្នាំ២០២៤ត្រូវបានរៀបចំការប្រកួត ដែលផ្តល់ផលចំណេញដល់យុវជន និងកីឡាករ កីឡាការិនីដែលទើបនឹងចាប់ផ្តើមលេង ដើម្បីបំផុសស្មារតីពួកគាត់ឱ្យចូលរួមលេងឱ្យកាន់តែផុសផុល ដើម្បីមិត្តភាព សុខភាព សាមគ្គីភាព រួមទាំងគោលដៅផលិតធនធានសម្រាប់ជាតិផងដែរ ។

ប្រធានសហព័ន្ធរូបនេះបន្ថែមថា សហព័ន្ធតែងតែទទួលបានការគាំទ្រក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសគឺឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ដែលផ្តល់ឱ្យសហព័ន្ធមានភាពកក់ក្តៅជាបន្តបន្ទាប់ ក្នុងការប្រឹងប្រែងជំរុញដល់ការអភិវឌ្ឍជំនាញកីឡានេះកាន់តែប្រសើរ។ សម្រាប់ការប្រកួតបេស្បលហ្វាយលីគឆ្នាំ២០២៤នេះ គឺជាប្រវត្តិសាស្ត្រដំបូងសម្រាប់សហព័ន្ធខ្លួនឯង ដែលត្រូវបានអនុញ្ញាតឱ្យរៀបចំនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ជាមួយគ្នានេះ លោក ឆែម តារា ក៏បានអរគុណដល់ដៃគូអភិវឌ្ឍនានា ដែលបានចុះអនុស្សរណៈយោគយល់គ្នា នាពេលនេះ ដើម្បីឧបត្ថម្ភគាំទ្រដល់ដំណើរការប្រកួតលីគនេះឱ្យទទួលបានជោគជ័យ ។

 លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជននៃក្រសួងអប់រំ យុវជន និងកីឡាបានចាត់ទុកថា ថ្មីដ្បិតតែនេះជាការរៀបចំករប្រកួតលីគ លើកដំបូង ប៉ុន្តែនេះជាសមិទ្ធផលមួយ ដែលបានកើតចេញពីការខិតខំប្រឹងប្រែងរបស់សហព័ន្ធ និងខិតខំកៀរគរដៃគូអភិវឌ្ឍនានាចូលរួមឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍នេះ។អនុប្រធាននាយកដ្ឋានរូបដដែលបានសង្កត់ធ្ងន់ថា សហព័ន្ធកីឡាជាតិ គឺជាអង្គការសង្គមមួយ ដែលកំពុងបំផុសស្មារតីដល់យុវជន មហាជនចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព។ ជាមួយគ្នានេះ សហព័ន្ធកីឡាជាតិក៏ជំរុញឱ្យមានឧត្តមភាព កេរ្តិ៍ឈ្មោះ កិត្តិយសជាតិ ក្រោមការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ទាំងស្មារតី សម្ភារ និងកញ្ចប់ថវិកាគាំទ្រប្រចាំឆ្នាំនានាជូនដល់សហព័ន្ធកីឡាជាតិនានា ក្នុងនោះ១សហព័ន្ធទទួលបាន ៦០លានរៀល សម្រាប់ដណើរការដល់ការអភិវឌ្ឍការប្រកួត រដ្ឋបាល និងវគ្គបណ្តុះបណ្តាល ។

បន្ថែមពីលើនេះ លោក ទុយ ប៊ុនហឿន គូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានឯកភាពដល់ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ នៅកម្ពុជា ដូច្នេះដើម្បីចូលរួមត្រៀមលក្ខណៈ ក្នុងនាមតំណាងក្រសួងអប់រំ លោកស្នើឱ្យសហព័ន្ធត្រៀមរៀបចំផែនការយុទ្ធសាស្ត្រធ្វើម្ចាស់ផ្ទះ និងត្រៀមកីឡាករវ័យក្មេងសម្រាប់ការប្រកួតឱ្យទទួលបានជោគជ័យ ៕