ក្រោយពីបញ្ចប់ការប្រកួត កីឡាប្រណាំងទូកជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ពានរង្វាន់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា លើកទី១ នៅខេត្តស្វាយរៀង គណៈកម្មាការរៀបចំព្រឹត្តិការនេះ បានអញ្ជើញ សមាជិកសមាជិការបស់ខ្លួនមកចូលរួមប្រជុំកាលពីរសៀលថ្ងៃទី២០ ខែសីហា ដើម្បីពិភាក្សា ស្វែងរកចំណុច វិជ្ជមាន និង ចំណុចខ្វះខាត ដើម្បីធ្វើការកែលម្អ ត្រៀមលក្ខណៈសម្បត្តិ សម្រាប់ រៀបចំព្រឹត្តិការណ៍ ប្រណាំងទូកនាពេលខាងមុខ ឲ្យបានកាន់តែល្អប្រសើរ ពិសេសការរៀបចំប្រណាំងទូក ក្នុងព្រឹតិ្ដការណ៍កីឡាជាតិ ដែលគ្រោងធ្វើឡើងនាខែវិច្ឆិកា ខាងមុខនេះ។
ឯកឧត្តម មាស សារិន អនុប្រគណៈកម្មការកណ្ដាល រៀបចំ ការ ប្រណាំងទូកជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ពានរង្វាន់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា លើកទី១ និង ជាអគ្គលេខាធិការ សហព័ន្ធកីឡា ទូកកានូនិងរ៉ូអ៊ីងកម្ពុជា បានទទួលស្គាល់ថា ក្នុងការ ប្រណាំងទូកជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ពានរង្វាន់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា លើកទី១ មានចំណុចខ្វះខាត១ចំនួន ដែលត្រូវកែលម្អ ក្នុងនោះទាក់ទង នឹង អាកាសធាតុ និង រដូវកាលជាឧបសគ្គក្នុងការប្រកួត ដូចនេះ សម្រាប់ការប្រកួតលើកក្រោយ សូមជ្រើសរើស ពេលវេលា រដូវនៃការប្រកួត ឲ្យមានអាកាសធាតុល្អ ជម្រៅទឹកត្រូវស្ថិតក្នុងកម្រឹតស្ដង់ដារ ត្រូវមានតុល្យភាព បរិមាណអត្តពលិក ចូលរួម ពីសមាគមនិមួយៗ និង ការចាប់ឆ្នោត ជ្រើសរើសគូប្រកួត កុំឲ្យមានការយឺតយ៉ាវ ចំណាយពេលវេលាច្រើនលើសលុប ។
តែទោះជាយ៉ាងណា ឯកឧត្តមអគ្គលេខាធិការសហព័ន្ធ បានលើកសរសើរដល់ទឹកចិត្ត គណៈ កម្មការគ្រប់ផ្នែកទាំងអស់ ទោះជាជួបបញ្ហាខ្លះៗ អាកាសធាតុក្ដៅរងារក្ដី ក៏ខិតខំតស៊ូ បំពេញភារកិច្ចរបស់ខ្លួនរហូតបានបញ្ចប់ជាស្ថាពរ ។
ក្នុងឱកាសនោះ ឯកឧត្តម យិត ភីរៈ អនុប្រគណៈកម្មការកណ្ដាល រៀបចំ ការ ប្រណាំងទូកជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ពានរង្វាន់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា លើកទី១ និងអនុប្រធាន សហព័ន្ធកីឡា ទូកកានូនិងរ៉ូអ៊ីងកម្ពុជា បានណែនាំដល់គណៈកម្មការរៀបចំព្រឹត្តិការប្រណាំងទូក គ្រប់ផ្នែកទាំងអស់សូមពង្រឹងការងារទៅតាមតួនាទីរៀងៗខ្លួនដើម្បីត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាប្រណាំងទូកបន្ដបន្ទាប់ទៀត ឲ្យទទួលបានលទ្ធផល កាន់តែល្អប្រសើរ។
ឯកឧត្តមបានលើកឡើងថា ព្រឹត្តិការកីឡា១អាចរលូនទៅបាន គឺដោយសារយើងទាំងអស់គ្នា រួមសហការគ្នាអនុវត្ត កន្លែងណាមានឧបសគ្គត្រូវរាយការណ៍មកថ្នាក់ដឹកនាំ ដើម្បីមានវិធានការដោះស្រាយ។ ចាប់ពីពេលនេះទៅអ្វីដែលជាកំហុសត្រូវតែកែលម្អ អ្វីដែលខ្វះខាតត្រូវតែបំពេញ មិនត្រូវទុកចោលធ្វើមិនដឹងមិនឮបានទេ យើងត្រូវរួមគ្នាធ្វើឲ្យគណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រណាំងទូកនេះ មានសមត្ថភាពពេញលេញ សម្រាប់ការរៀបចំព្រឹត្តិការណ៍ ទាំងថ្នាក់ជាតិ និង ថ្នាក់ អន្ដរជាតិ ដោយ ធ្វើឲ្យអ្នកចូលរួមមានការសប្បាយចិត្ត ទាំងកីឡាករ ប្រតិភូដឹកនាំ ភ្ញៀវកិត្តិយស ព្រមទាំងទស្សនិកជនផងដែរ ៕