យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃចន្ទ ទី26 ខែសីហានេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យការបាញ់សាកល្បងសមត្ថភាពរបស់យន្តហោះដ្រូន ដែលបង្កើតឡើងនៅក្នុងប្រទេស។ យោងតាមរបាយការណ៍ ការបាញ់សាកល្បងយន្តហោះដ្រូននេះ ទទួលបានជោគជ័យយ៉ាងខ្លាំង ដោយបានកម្ទេចទីតាំងដែលបានកំណត់ ស្របពេលដែលោកប្រធានាធិបតី គីម បានបញ្ជារឲ្យផលិតប្រភេទយន្តហោះដ្រូនពិឃាតនេះបន្ថែមទៀត ដូចជាយន្តហោះដ្រូនវាយប្រហារអត្តឃាតក្រោមទឹក យន្តហោះដ្រូនឈ្លបយកការណ៍យុទ្ធសាស្ត្រ និងយន្តហោះដ្រូនវាយប្រហារពហុបំណង ដើម្បីប្រើប្រាស់នៅក្នុងកងពលថ្មើរជើងយុទ្ធសាស្ត្រ និងអង្គភាពប្រតិបត្តិការពិសេស។ គួរបញ្ជាក់ផងដែរថា ទីក្រុងព្យុងយ៉ាង បាននឹងកំពុងបង្កើនសមត្ថភាពសង្គ្រាមយុទ្ធសាស្ត្ររបស់ខ្លួន ជុំវិញការអភិវឌ្ឈន៍ គ្រាប់មីស៊ីលរយៈចម្ងាយខ្លី និងប្រពន្ធ័កាំភ្លើងធំ ក្នុងគោលបំណងវាយប្រហារភាគខាងត្បូង បន្ទាប់ពីការអភិវឌ្ឈន៍កម្មវិធីគ្រាប់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ និងកម្មវិធីអាវុធនុយក្លេអ៊ែរ ។