ខេត្តស្វាយរៀង៖ 

ក្រោយពីមានការបង្ហោះតាមបណ្តាញសង្គមFacebook ថាដីស្រែ៨ភូមិ ស្ថិតនៅឃុំដូង ខេត្តស្វាយរៀង ត្រូវយួនយកនោះ រដ្ឋបាលស្រុករមាសហែក បានចេញមកបដិសេធ និង ចេញលិខិតឆ្លើយបំភ្លឺ ផងដែរ។

នៅក្នុងលិខិតឆ្លើយបំភ្លឺរបស់រដ្ឋបាលស្រុករមាសហែក  បានឲ្យដឹងថាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថាថ្មីៗនេះ មានទំព័រហ្វេសប៊ុកមួយឈ្មោះ Sokmil Minh (សុខមីល មិញ) បានបង្ហោះជាសាធារណៈថា“ដីស្រែ៨ភូមិ៖ ឈើទាល, ភូមិដូង, អង្គុញ, ព្រៃទួល, កំពង់ថ្នា, តាសួស, ព្រៃតាភេម, តាឡោកបែក ស្ថិតនៅឃុំដូង ខេត្តស្វាយរៀង ត្រូវយួនយក” ព័ត៌មានដែលបានចុះបង្ហោះនេះ បំផ្លើសការពិតទាំងស្រុង ដែលធ្វើឱ្យ សាធារណជន មានការភាន់ច្រឡំ មកលើអាជ្ញាធរមូលដ្ឋាន។ រដ្ឋបាលស្រុករមាសហែក សូមធ្វើការបដិសេដទាំងស្រុងចំពោះការបង្ហោះដោយទំព័រ 

ហ្វេសប៊ុកខាងលើនេះ និងសូមជម្រាបជូនសាធារណៈជនជ្រាបថា ដីស្រែស្ថិតនៅក្នុងឃុំដូងពុំមានអ្នកណាមកយកដូចការបង្ហោះខាងលើនោះទេ។ ជាក់ស្តែង បងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិទាំងអស់ខាងលើ កំពុងតែខិតខំបង្កបង្កើនផលស្រូវរដូវវស្សា ដាំដំណាំរួមផ្សំ សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ធម្មតា ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រឡំ៕