រាជធានីភ្នំពេញ ៖ 

បុរសម្នាក់ បានបើករថយន្តម៉ាក ford ranger មួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់ ចំណែករថយន្តបង្ក ខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ជាក់ផ្អើលកាលពីវេលាម៉ោង ៨:៣០នាទីយប់ថ្ងៃទី២៧ខែសីហាឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

យោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ford ranger ពណ៌ស មួយគ្រឿងពាក់ស្លាកលេខកម្ពុជា SOVO EOUN (សូវ៉ូ អឿន) បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ។ ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើពុំដឹងថាមានបញ្ហាអ្វីនោះទេ ក៏ស្រាប់តែរេចង្កូរទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់ចំនួនមួយកង់ ហើយ រថយន្តបង្ក ខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តបង្កខាងលើ ទៅរក្សារទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕