កំពង់ឆ្នាំង៖

ជនសង្ស័យម្នាក់ទើបបានធ្វើសកម្មភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហានុ ប៉ុន្តែអស់លក្ខណ៍ ត្រូវសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ក្របួចបាន។ ការចាប់ឃាត់ខ្លួនបានជនសង្ស័យលួចកាច់កម៉ូតូនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១២និង២០នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូលេខ ៦៧និង៦៨ ចំណុចភូមិទឹកល្អក់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមកិច្ចសហការគ្នារវាងកម្លាំងកងរាជអាវុធហត្ថស្រុករលាប្អៀរ និងសមត្ថកិច្ចនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង។

យោងតាមប្រភពពីសមត្ថកិច្ចឲ្យដឹងថាជនសង្ស័យលួចកាច់កម៉ូតូនោះ ឈ្មោះ ឈឿន សុភា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ដោយឡែក ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះ ម៉ាន់ ថា ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិអូរពី សង្កាត់អូរពី ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 

ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន គឺម៉ូតូម៉ាក ហុងដាសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1F-7551 ដែលជនសង្ស័យខាងលើ ធ្វើសកម្មភាពលួចកាច់ក ពីភូមិ អូរពី សង្កាត់អូរពី ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប៉ុន្តែម៉ូតូខាងលើនេះ ម្ចាស់បានភ្ជាប់GPS ទើបត្រូវសមត្ថកិច្ចកំពង់ឆ្នាំង ស្ទាក់ឃាត់បានតែម្តង។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កំលាំងស្នងការនគរបាលេខត្តកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕