រាជធានីភ្នំពេញ ៖

រថយន្តដឹកចំណីសត្វ១គ្រឿង ដែលជារថយន្តដឹកជញ្ជូនH.C សង្ស័យអ្នកបើកបរងងុយដេកហើយងោក១ភាំង ក៏បានរេចង្កូតធ្លាក់ផ្លូវ បណ្ដាលឲ្យផុងកង់១ចំហៀងខាងស្ដាំង រួចផ្អៀងបោកផ្ទប់របងថ្មដីឡូត៌មួយកន្លែងពេញទំហឹង បណ្ដាលឲ្យរបងថ្មនោះបាក់និងប្រេះ រងការខូចខាតអស់ចំនួន៥ផ្ទាំង ប៉ុន្តែជាសំណាងល្អ ពុំមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ ។

ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោងជាង៣ទៀបភ្លឺថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅតាមមហាវិថីស៊ីជីនពីង ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ រថយន្តខាងលើ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 3A-1227 ដឹកចំណីសត្វរាប់សិបបាវ ដែលជារថយន្តរបស់កងដឹកជញ្ជូនH.C បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ  ។ 

តាមប្រពពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ រថយន្តនេះដឹកចំណីសត្វរាប់សិបបាវ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងតាមមហាវិថីស៊ីជីនពីង ដោយពុំដឹងថាដឹកពីកន្លែងណាទៅដាក់កន្លែងណានោះទេ ។ ខណៈពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ សង្ស័យអ្នកបើកបរ ងងុយដេកហើយងោក ក៏បានរេចង្កូតធ្លាក់ផ្លូវផុងកង់ផ្អៀងបោកផ្ទប់របងថ្ម ដីឡូត៌មួយកន្លែងពេញទំហឹង បណ្ដាលឲ្យរបងថ្មខាងលើ បាក់និងប្រេះ រងការខូចខាតអស់ចំនួន៥ផ្ទាំង ។ 

ក្រោយពេលកើតហេតុ ខាងក្រុមហ៊ុនបានយករថយន្ត១គ្រឿងផ្សេងទៀត ទៅផ្ទេរយកចំណីសត្វចេញពីក្នុងរថយន្តដែលជួបគ្រោះថ្នាក់នោះ ដើម្បីដឹកចេញបន្ត ។ ចំណែកនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ និងនគរបាលខណ្ឌកំបូល បានចុះទៅកាន់ទីកន្លែងកើតហេតុ ហើយ បានឲ្យខាងភាគីរថយន្តនិងម្ចាស់របងជួបធ្វើការដោះស្រាយគ្នាបញ្ចប់រឿង ៕