លោកស្រីអនុប្រធានាធិបតីនៃសហរដ្ឋអាមេរិក កាម៉ាឡា ហារីស (Kamala Harris) ត្រូវបានទទួលការស្វាគមន៍ដោយក្តីរំភើបរីករាយយ៉ាងក្រៃលែងពីសំណាក់ក្រុមអ្នកគាំទ្រ នៅពេលដែលលោកស្រីបានបង្ហាញខ្លួនលើវេទិកាក្នុងថ្ងៃបើកសម្ពោធសន្និបាតជាតិរបស់គណបក្សប្រជាធិបតេយ្យ ឬ ឌី អិន ស៊ី (DNC) ក្នុងទីក្រុង ឈីខាហ្គោ Chicago រដ្ឋ អ៊ីលីណយ (Illinois) កាលពីល្ងាចថ្ងៃចន្ទ ទី19 ខែសីហា ។
លោកស្រី ហារីស គឺជាកម្លាំងអូសទាញដ៏មានថាមពលនៅក្នុងមហាសន្និបាតនេះ ដោយបានបង្កើតព្រឹត្តិការណ៍រៃអង្គាសថវិកាថ្មី ប្រមូលផ្តុំអ្នកគាំទ្រដ៏ច្រើននៅទូទាំងប្រទេស និងបង្កើតបានមនោសញ្ចេតនាជាសាធារណៈនៅក្នុងរដ្ឋសមរភូមិដ៏សំខាន់គាំទ្រគណបក្សប្រជាធិបតេយ្យ ។
លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដែលស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើងពីសម្ព័ន្ធមិត្តយូរអង្វែង ពីម្ចាស់ជំនួយដ៏មានឥទ្ធិពល និងអ្នកគាំទ្រគណបក្សដ៏ក្លៀវក្លានោះ បានធ្វើការសម្រេចចិត្តដកខ្លួនចេញពីការប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតីលើកនេះ បន្ទាប់ពីការជជែកដេញដោលដ៏មហន្តរាយរបស់លោកតទល់ជាមួយ លោកអតីតប្រធានាធិបតី ដូណល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី 27 ខែមិថុនាកន្លងទៅ ។
លោក ត្រាំ ដែលកាលពីមួយខែមុននេះបាននាំមុខលើលោក បៃដិន នៅក្នុងការបោះឆ្នោតនេះ ត្រូវបានគេមើលឃើញថា សំឡេងគាំទ្ររបស់លោកបានធ្លាក់ចុះ។ ផ្ទុយទៅវិញ លោកស្រី ហារីស ដែលត្រូវបានជ្រើសតាំងជាបេក្ខជនប្រធានាធិបតីជនួសលោក បៃដិនដោយគណបក្សប្រជាធិបតេយ្យ បានកាត់បន្ថយគម្លាតនេះដោយជោគជ័យទាំងក្នុងកម្រិតជាតិ និងនៅក្នុងរដ្ឋដែលមានការផ្លាស់ប្តូរដ៏សំខាន់ដូចជា រដ្ឋ ផិនស៊ីលវ៉េនីញ៉ា(Pennsylvania) ដែលនឹងត្រៀមខ្លួនជាកត្តាកំណត់ជោគជ័យក្នុងការបោះឆ្នោតដែលនឹងមកដល់នៅក្នុងខែ វិច្ឆិកា ខាងមុខនេះ ៕